សៀមរាប៖ ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២១នេះ បានរៀបចំពិធីក្រុងពាលីចាប់ផ្តើមធ្វើការជួលជុលព្រះពុទ្ធបដិមាចំនួន៤អង្គ នៅរួតបាកាន នៃប្រាសាទ អង្គរវត្ត ដែលមានការទ្រុឌទ្រោម។ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានទទួលការឧបត្ថម្ភថវិកាសម្រាប់ជួសជុលពីលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រះពុទ្ធបដិមាចំនួន៤អង្គនៅរួតបាកាន នៃប្រាសាទអង្គរវត្តនេះ បានកំពុងតែទ្រុឌទ្រោម ដោយកត្តាធម្មជាតិ ជាពិសេស ទឹកនោមប្រចៀវ ធ្វើព្រះពុទ្ធបដិមាពុកផុយ។ ក្រៅពីព្រះពុទ្ធបដិមានេះ អាជ្ញាធរក៏នឹងជួសជុលស៊ុមទ្រវាស៊ុមបង្អួចវត្ថុសិល្បៈផ្សេងៗ ដែលនៅក្នុងបរិណេវរួតបាកាននេះមួយចំនួនផងដែរ។
លោកបន្តថា សម្រាប់ការងារជួសជុលនេះ នឹងប្រើរយៈពេល៥ខែ ឱ្យរួចរាល់ ដោយគ្រោងចំណាយថវិកា ក្នុងជំហានដំបូងចំនួន១០០លានរៀល។ ការរៀបចំពិធីក្រុងពាលីនេះ បានប្រតិបត្តិឡើងទៅតាមជំនឿ ដោយបានធ្វើពិធីជាបួនទិស គឺទិសខាងកើតដោយឱ្យអាជ្ញាធរជាតិអប្សរា ទិសខាងជើងដោយលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ហើយទិសខាងលិច និងខាងត្បូង ដោយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ។
សូមបញ្ជាក់ថា ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ និងទម្ររបស់ប្រាសាទ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងទៅទស្សនានៅរួតបាកាននេះ ក្នុងមួយពេលតែ៣០០នាក់ប៉ុនណ្ណោះ។ សម្រាប់ដំណើរការជួលជុលព្រះពុទ្ធបដិមាចំនួន៤អង្គនៅរួតបាកាននេះ មិនប៉ះពាល់ការទស្សនារបស់ភ្ញៀវទេសចរនោះទេ។