កណ្ដាល៖ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គស្នួល អមដំណើរដោយ លោក ខុន សេរីរដ្ឋា អភិបាលស្រុក នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំក្រុមការងារសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងឱកាសបើកដំណើរការចូលរៀនឡើងវិញចំពោះសិស្សានុសិស្សកំរិតមធ្យមសិក្សា វិទ្យាល័យ ហ៊ុនសែន អង្គស្នួល វិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងវិទ្យាល័យ ហ៊ុនសែន ថ្នល់ទទឹង ស្រុកអង្គស្នួល ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានអញ្ជើញថ្លែងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយផ្តាំផ្ញើឲ្យប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ យុវជនល្អ ដោយខិតខំសិក្សារៀនសូត្រ ប្រឹងប្រែង ព្យាយាមគ្រប់មធ្យោបាយ ទាំងការរៀនសូត្រផ្ទាល់នៅតាមសាលារៀន និងការសិក្សាបន្ថែមតាមប្រព័ន្ធអនឡាញន៍ ដើម្បីឲ្យយុវជនកម្ពុជា ក្លាយជាទំពាំងស្នងឫស្សីប្រកបដោយចំណេះដឹង និងថាមពលពេញលេញ ចូលរួមអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសារ និងប្រទេសជាតិនាពេលអនាគត ។ ឯកឧត្តមថ្លែងបន្តទៀតថាៈ បើទោះបីជាពេលនេះអាចអនុញ្ញាតឲ្យដំណើរការឡើងវិញនូវសាលារៀនក្តី ប៉ុន្តែកូវីដ១៩ ពិសេសគឺប្រភេទបម្លែងខ្លួនថ្មី ដូចជា Delta ជាដើម នៅតែបន្តឆ្លងរាលដាលក្នុងសហគមន៍កម្ពុជា។ ដូចនេះសិស្សានុសិស្សត្រូវអនុវត្តឲ្យបាននូវវិធានការ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តវិធានការផ្សេងៗទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំងសរុបជាង ៩៥% និងអាយុ ១២ដល់១៧ឆ្នាំ ចាក់បាន ជាង ៨៧% នេះគឺជាមោទនភាពសម្រាប់ប្រទេសកម្ពុជាតូច ប៉ុន្តែរាជរដ្ឋាភិបាលបានគិតគួរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសគឺសិស្សានុសិស្ស ហើយរហូតឈានដល់បើកឲ្យដំណើរការឡើងវិញនូវការសិក្សារៀនសូត្រនៅតាមសាលារៀនទូទាំងប្រទេស ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបានរៀបចំបរិវេនសាលារៀន ទីធ្លាសាលារៀន ថ្នាក់រៀន តុ និងបរិស្ថានជុំវិញ ដោយរៀបចំឲ្យមានកម្លែងពិនិត្យកំដៅ កន្លែងលាងដៃ និងការរៀបចំឲ្យមានគំលាតក្នុងថ្នាក់រៀន ដើម្បីធានាសុវត្ថិភាពដល់មិនឲ្យមានការឆ្លងមេរោគកូវីដ១៩ តាមស្តង់ដារប្រតិបត្តិ SOP របស់ក្រសួងអប់រំ យុវជន និងកីឡា ។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក ឃុំ ភូមិ និងសាលារៀន ត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការផ្សព្វផ្សាយ ចំពោះវិធានការអនាម័យផ្សេងៗរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ឲ្យសិស្សានុសិស្សបានយល់ដឹកនាំកាន់តែច្បាស់បន្ថែមទៀត ដើម្បីឲ្យធានាបាននូវសុវត្ថិភាពជូនដល់បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលារៀន ថ្នាក់រៀន៕