ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​អង្គស្នួល​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុងឱកាស​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​

​កណ្ដាល​៖ ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​អង្គស្នួល អមដំណើរ​ដោយ លោក ខុន សេរី​រដ្ឋា អភិបាលស្រុក នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុងឱកាស​បើក​ដំណើរការ​ចូលរៀន​ឡើង​វិញ​ចំពោះ​សិស្សានុសិស្ស​កំរិត​មធ្យម​សិក្សា វិទ្យាល័យ ហ៊ុន​សែន អង្គស្នួល វិទ្យាល័យ​សម្តេច​ព្រះ​មហា​សង្ឃរាជ បួ​រ គ្រី និង​វិទ្យាល័យ ហ៊ុន​សែន ថ្នល់ទទឹង ស្រុក​អង្គស្នួល ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បាន​អញ្ជើញ​ថ្លែង​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដោយ​ផ្តាំផ្ញើ​ឲ្យ​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ធ្វើជា​សិស្ស​ល្អ កូន​ល្អ ពលរដ្ឋ​ល្អ យុវជន​ល្អ ដោយ​ខិតខំ​សិក្សា​រៀនសូត្រ ប្រឹងប្រែង ព្យាយាម​គ្រប់​មធ្យោបាយ ទាំង​ការរៀនសូត្រ​ផ្ទាល់​នៅ​តាម​សាលារៀន និង​ការសិក្សា​បន្ថែម​តាម​ប្រព័ន្ធ​អន​ឡា​ញន៍ ដើម្បីឲ្យ​យុវជន​កម្ពុជា ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​ប្រកបដោយ​ចំណេះដឹង និង​ថាមពល​ពេញលេញ ចូលរួម​អភិវឌ្ឍន៍​ខ្លួនឯង សង្គម​គ្រួសារ និង​ប្រទេសជាតិ​នាពេល​អនាគត ។ ឯកឧត្តម​ថ្លែង​បន្តទៀតថាៈ បើ​ទោះបីជា​ពេលនេះ​អាច​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​សាលា​រៀនក្តី ប៉ុន្តែ​កូវី​ដ​១៩ ពិសេស​គឺ​ប្រភេទ​បម្លែង​ខ្លួន​ថ្មី ដូចជា Delta ជាដើម នៅតែ​បន្ត​ឆ្លង​រាលដាល​ក្នុង​សហគមន៍​កម្ពុជា​។ ដូចនេះ​សិស្សានុសិស្ស​ត្រូវ​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​កុំ និង​៣​ការពារ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការអនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ។​

​បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង ទូទាំង​ប្រទេស បាន​ទទួល​ការចាក់​វ៉ាក់សាំង​សរុប​ជាង ៩៥% និង​អាយុ ១២​ដល់​១៧​ឆ្នាំ ចាក់​បាន ជាង ៨៧% នេះ​គឺជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​តូច ប៉ុន្តែ​រាជរដ្ឋាភិបាល​បានគិត​គួរ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុខុមាលភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​គឺ​សិស្សានុសិស្ស ហើយ​រហូត​ឈាន​ដល់​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ការសិក្សា​រៀនសូត្រ​នៅ​តាម​សាលារៀន​ទូទាំងប្រទេស ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​លោកគ្រូ អ្នកគ្រូ ដែល​បាន​រៀបចំ​បរិវេន​សាលារៀន ទីធ្លា​សាលារៀន ថ្នាក់រៀន តុ និង​បរិស្ថាន​ជុំវិញ ដោយ​រៀបចំ​ឲ្យមាន​កម្លែង​ពិនិត្យ​កំដៅ កន្លែង​លាងដៃ និង​ការរៀបចំ​ឲ្យមាន​គំលាត​ក្នុង​ថ្នាក់រៀន ដើម្បី​ធានា​សុវត្ថិភាព​ដល់​មិនឲ្យ​មាន​ការឆ្លង​មេរោគ​កូវី​ដ​១៩ តាម​ស្តង់ដារ​ប្រតិបត្តិ SOP របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​សាលារៀន ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត​ក្នុង​ការផ្សព្វផ្សាយ ចំពោះ​វិធានការ​អនាម័យ​ផ្សេងៗ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​សិស្សានុសិស្ស​បាន​យល់​ដឹកនាំ​កាន់តែ​ច្បាស់​បន្ថែមទៀត ដើម្បី​ឲ្យ​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​បុគ្គលិក​សិក្សា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​តាម​សាលារៀន ថ្នាក់រៀន​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *