កណ្ដាល ៖ នារសៀលថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្ដាល បានចូលរួមជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រុមហ៊ុន គីម ស៊ាន គ្រុប និងការចាប់ឆ្នោតជ្រើសរើសគូប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តបានថ្លែង អំណរគុណ ចំពោះ លោកពុយ សុខហ៊ង ប្រធានក្រុមហ៊ុន គីម ស៊ាន គ្រុប ដែលបានជ្រើសរើសយកខេត្តកណ្ដាល ជាទីតាំង សម្រាប់វិនិយោគ និងបានរៀបចំនូវរចនាសម្ព័ន្ធ គ្រប់គ្រងបានច្បាស់លាស់ និងបានបង្កើតឱ្យមាន ប្រភេទសេវាកម្មជាច្រើនប្រភេទ សម្រាប់បម្រើដល់អតិថិជន ព្រមទាំងបានរួមចំណែកក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការងារធ្វើមានប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារផងដែរ។
សកម្មភាពរបស់ក្រុមហ៊ុនមាន បម្រើសេវាកម្ម ជូនដល់អតិថិជនជាច្រើនប្រភេទ ដូចជា៖ ស្ថានីយ៍ប្រេងឥន្ទនៈ ហាងកាហ្វេ មជ្ឈមណ្ឌលថែទាំរថយន្ត និងមជ្ឈមណ្ឌលកីឡា។
ប្រភេទសេវាកម្ម អាជីវកម្មខាងលើ មិនត្រឹមតែបានចូលរួមបង្កើតឱ្យមានលំហូរការងារដល់ប្រជាពលរដ្ឋយើងប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកលើកស្ទួយវិស័យកីឡា និងលើកកម្ពស់សុខមាភាពដល់បង ប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេស គឺយុវជនរបស់យើងដែលជាទំពាំងស្នងឬស្សីងាកមកចូលរួមលេងកីឡា ដើម្បីសុខភាពល្អផង ប្រាសចាកពីការសេពគ្រឿង ញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ នៅក្នុងសង្គមរបស់យើងផងដែរ។
មជ្ឈមណ្ឌលកីឡា គីម ស៊ាន មានបម្រើសេវាកម្មលើវិស័យកីឡាជាច្រើនដូចជា៖ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបោះប៊ូល និងវាយសី ហើយកីឡាទាំងនេះជាប្រភេទកីឡាដែលកំពុងពេញនិយម ទាំងជាតិ និងអន្ដរជាតិ ការនាំគ្នាលេងកីឡា គឺមានន័យថាពួកយើងបានចូលរួមចំណែកលើកស្ទួយវិស័យកីឡា ស្របពេលដែលប្រទេសយើង នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ាននៅឯពហុកីឡដ្ឋានមរតកតេជោ នាឆ្នាំ២០២៣ខាងមុខនេះ ៕