(កណ្ដាល)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ អំណោយរបស់សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធ ព្រះប្រធានគណបក្សហ៊ុនស៊ិនប៉ិច បាននាំយកមកចែកជូនពលរដ្ឋចំនួន១៥០គ្រួសារ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង តាមរយៈព្រះអម្ចាស់នរោត្តមរតនាទេវី អគ្គរាជទូតអមព្រះលេខាធិការដ្ឋានព្រះមហាក្សត្រ និងជាបុត្រីរបស់សម្ដេចក្រុមព្រះក្រុមព្រះនរោត្តមរណឬទ្ធ ។
ព្រះអម្ចាស់នរោត្តមរតនាទេវី តំណាងសម្ដេចក្រុមព្រះនរោត្តមរណឬទ្ធ និងម្ចាសក្សត្រីនរោត្តមម៉ារី បានមានបន្ទូលផ្ដាំផ្ញើរសេចក្ដីនឹករលឹកយ៉ាងពីព្រះអង្គដែលជានិច្ចកាលតែងតែគិតគូរបារម្ភពីសុខទុក្ខពីប្រជារាស្ត្រកូនចៅរបស់ព្រះអង្គ ដ្បិតព្រះអង្គគង់នៅប្រទេសបារាំងដើម្បីព្យាបាលព្រះរោគ ប៉ុន្តែព្រះអង្គមិនដែលរំលងពីទុក្ខលំបាករបស់រាស្ត្រឡើយ ថោយចាត់ឲ្យកូនចៅរបស់ព្រះអង្គត្រូវចុះមកជួយដល់មូលដ្ឋានតែម្ដង ។
ព្រះអម្ចាស់នរោត្តមរតនាទេវី បានមានបន្ទូលបន្តថា សូមបងប្អូនពលរដ្ឋត្រូវរក្សាអនាម័យឲ្យបានល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាឲ្យបានល្អនូវការអនុវត្តន៍តានវិធានការកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ទាំងអស់គ្នា ។
ព្រះអម្ចាស់នរោត្តមរតនាទេវី ក៍បានបញ្ជាក់ទៀតថា ទីណាមានរាស្ត្រកើតទុក្ខលំបាក សម្ដេចក្រុមព្រះតែងតែបារម្ភគិតគូរជានិច្ចដោយមិនទុករាស្ត្រចោលឡើយ ពោលគឺនឹងនៅតែបន្តចុះជួយជាបន្តបន្ទាប់ ៕