ខេត្តកែប÷ សហគមន៍ភ្នំពោន មានទីតាំងស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាតំបន់ដែលពោពេញទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដូច្នេះហើយបានជាប្រធានសហគមន៍ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចង់ឲ្យមានការប្រែក្លាយទៅជាតំបន់សហគមន៍ទេសចរណ៍ ដើម្បីទាញផលប្រយោជន៍ជូនដល់ប្រជាសហគមន៍ផង និងដើម្បីការពារអភិរក្សដែនសហគមន៍ព្រៃឈើភ្នំពោន ឲ្យបាននៅគង់វង្សយូរអង្វែងផង។
លោក អួង យ៉ូង ប្រធានសហគមន៍ភ្នំពោន បានប្រាប់ឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកាត់ឆ្វៀលដីជូនពលរដ្ឋតាមរយៈការចុះអនុវត្តបទបញ្ជាលេខ០១ របស់ក្រុមនិស្សិតរួចមក បច្ចុប្បន្នសហគមន៍នៅដល់ដីប្រមាណ ៤២ហិកតាប៉ុណ្ណោះ ហើយដីមួយផ្នែកក្នុងដែនសហគមន៍ ត្រូវបានអាជ្ញាធរអនុញ្ញាតិឲ្យពលរដ្ឋបន្តកាន់កាប់ និងអាស្រ័យផល ប៉ុន្តែម្ចាស់ចម្ការមួយចំនួនបានលក់ដីកម្មសិទ្ធិ និងដីអាស្រ័យផលរបស់ខ្លួនឲ្យទៅ ឯកឧត្តម សៅ សារឿន ដើម្បីកាន់កាប់បន្ត។
លោកប្រធានសហគមន៍រូបនេះបានបញ្ជាក់ឲ្យដឹងថា ដើម្បីជួយអភិរក្សសហគមន៍ភ្នំពោនឲ្យគង់វង្ស និងអាចទាញយកប្រយោជន៍ជូនដល់ប្រជាសហគមន៍ និងពលរដ្ឋខេត្តកែបទូទៅបានច្រើន លោកស្នើសុំដល់អាជ្ញាធរ ក៏ដូចជាជំនាញពាក់ព័ន្ធ អង្គការដៃគូរ សូមជួយជ្រោមជ្រែងដល់ ឯកឧត្តម សៅ សារឿន ដើម្បីអាចរៀបចំប្រែក្លាយសហគមន៍ភ្នំពោន ទៅជាសហគមន៍ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញសម្រាប់បម្រើដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកសម្រាកលម្ហែកាយ និងកម្សាន្ត។
បើតាមលោក អួង យ៉ូង ប្រធានសហគមន៍ភ្នំពោន និងអ្នកភូមិភ្នំលាវជាច្រើននាក់បានអះអាងថា តំនប់ភ្នំពោនពីដើមឡើយ ជាចម្ការម្រេច ស្វាយ ចេក និងដូងជាដើម ហើយបន្តធ្វើដល់បច្ចុប្បន្ននេះ ចំណែកសហគមន៍ភ្នំពោន ពួកគាត់ទើបរួមគ្នាបង្កើតអំឡុងឆ្នាំ២០១០ ពោលក្រោយ ឯកឧត្តម សៅ សារឿន បានចូលមកទិញដីចំការនៅតំបន់នេះ។
ពួកគាត់បានសំណូមពរដល់ ឯកឧត្តម សៅ សារឿន និងថា្នក់ដឹកនាំខេត្ត មន្ត្រីជំនាញ ជួយធ្វើការកែច្នៃរៀបចំសហគមន៍ភ្នំពោន ឲ្យក្លាយទៅជាសហគមន៍ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដើម្បីផ្តល់ឱកាសការងារដល់កូនចៅជំនាន់ក្រោយៗទៀត។
លោក សូ ផល ដែលជាអ្នកចំការឲ្យ ឯកឧត្តម សៅ សារឿន បានបញ្ជាក់ថា ដីចម្ការមានទំហំប្រមាណ២០ហិកតា ក្នុងនោះដីអាស្រ័យផល មិនទាន់មានប្លង់រឹងប្រមាណ១០ហិកតា សព្វថ្ងៃមានអ្នកភូមិចំនួន១០គ្រួសារ បានធ្វើការងារនៅក្នុងចម្ការនេះ ហើយលោកក៏ចង់ឲ្យមានការបង្កើតតំបន់នេះជាកន្លែងផ្តល់សេវាទេសចរណ៍ផងដែរ ដើម្បីផ្តល់ការងារជូនដល់ពលរដ្ឋជួបការខ្វះខាត។
ជាការឆ្លើយតបទៅនឹងការស្នើខាងលើ ឯកឧត្តម សៅ សារឿន បានបញ្ជាក់ថា ឯកឧត្តម រួម ចំណែកការជួយប្រជាពលរដ្ធនៅមូលដ្ឋានភ្នំពោនក៏ច្រើនណាស់ដែរ ប៉ុន្តែបើបងប្អូនសំណូមពរហើយ ឯកឧត្តម នឹងខិតខំស្វែងរកលទ្ធភាពជួយពួកគាត់បន្តទៀតតាមធនធាន៕