ប្រធាន​សហគម​ន៍​និង​ប្រជាពលរដ្ឋ​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ជួយ​ប្រែក្លាយ​សហគមន៍​ភ្នំ​ពោន​ទៅ​ជា​សហគមន៍​ទេសចរណ៍​

ខេត្ត​កែប​÷ សហគមន៍​ភ្នំ​ពោន មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប គឺជា​តំបន់​ដែល​ពោ​ពេញ​ទៅ​ដោយ​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ ដូច្នេះហើយ​បានជា​ប្រធាន​សហគមន៍ និង​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ចង់ឲ្យ​មាន​ការប្រែ​ក្លាយទៅជា​តំបន់​សហគមន៍​ទេសចរណ៍ ដើម្បី​ទាញ​ផលប្រយោជន៍​ជូន​ដល់​ប្រជា​សហគមន៍​ផង និង​ដើម្បី​ការពារ​អភិរក្ស​ដែន​សហគមន៍​ព្រៃឈើ​ភ្នំ​ពោន ឲ្យបាន​នៅ​គង់វង្ស​យូរអង្វែង​ផង​។​

​លោក អួ​ង យ៉ូង ប្រធាន​សហគមន៍​ភ្នំ​ពោន បាន​ប្រាប់ឲ្យដឹង​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​តាមរយៈ​ការចុះអនុវត្ត​បទបញ្ជា​លេខ​០១ របស់​ក្រុមនិស្សិត​រួចមក បច្ចុប្បន្ន​សហគមន៍​នៅ​ដល់​ដី​ប្រមាណ ៤២​ហិកតា​ប៉ុណ្ណោះ ហើយ​ដី​មួយ​ផ្នែក​ក្នុង​ដែន​សហគមន៍ ត្រូវបាន​អាជ្ញាធរ​អនុញ្ញាតិឲ្យ​ពលរដ្ឋ​បន្តកាន់កាប់ និង​អាស្រ័យ​ផល ប៉ុន្តែ​ម្ចាស់​ចម្ការ​មួយចំនួន​បាន​លក់​ដី​កម្មសិទ្ធិ និង​ដី​អាស្រ័យ​ផល​របស់​ខ្លួន​ឲ្យទៅ ឯកឧត្តម សៅ សារឿ​ន ដើម្បី​កាន់កាប់​បន្ត​។

​លោក​ប្រធាន​សហគមន៍​រូបនេះ​បាន​បញ្ជាក់​ឲ្យដឹងថា ដើម្បី​ជួយ​អភិរក្ស​សហគមន៍​ភ្នំ​ពោន​ឲ្យ​គង់វង្ស និង​អាច​ទាញយក​ប្រយោជន៍​ជូន​ដល់​ប្រជា​សហគមន៍ និង​ពលរដ្ឋ​ខេត្ត​កែប​ទូទៅ​បាន​ច្រើន​ ​លោក​ស្នើសុំ​ដល់​អាជ្ញាធរ ក៏​ដូចជា​ជំនាញ​ពាក់ព័ន្ធ អង្គការ​ដៃគូរ សូម​ជួយ​ជ្រោមជ្រែង​ដល់ ឯកឧត្តម សៅ សារឿ​ន ដើម្បី​អាច​រៀបចំ​ប្រែក្លាយ​សហគមន៍​ភ្នំ​ពោន ទៅ​ជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​សម្រាក​លម្ហែកាយ និង​កម្សាន្ត​។​

​បើ​តាម​លោក អួ​ង យ៉ូង ប្រធាន​សហគមន៍​ភ្នំ​ពោន និង​អ្នកភូមិ​ភ្នំ​លាវ​ជាច្រើន​នាក់​បាន​អះអាងថា តំនប់ភ្នំ​ពោន​ពី​ដើមឡើយ ជា​ចម្ការ​ម្រេច ស្វាយ ចេក និង​ដូង​ជាដើម ហើយ​បន្ត​ធ្វើ​ដល់​បច្ចុប្បន្ន​នេះ ចំណែក​សហគមន៍​ភ្នំ​ពោន ពួក​គាត់​ទើប​រួម​គ្នា​បង្កើត​អំឡុង​ឆ្នាំ​២០១០ ពោល​ក្រោយ ឯកឧត្តម សៅ សារឿ​ន បាន​ចូល​មក​ទិញ​ដី​ចំការ​នៅ​តំបន់​នេះ​។

​ពួកគាត់​បាន​សំណូមពរ​ដល់ ឯកឧត្តម សៅ សារឿ​ន និង​ថា្នក់​ដឹកនាំ​ខេត្ត មន្ត្រី​ជំនាញ ជួយ​ធ្វើ​ការកែច្នៃ​រៀបចំ​សហគមន៍​ភ្នំ​ពោន ឲ្យក្លាយ​ទៅ​ជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​លោក សូ ផល ដែល​ជា​អ្នកចំ​ការឲ្យ ឯកឧត្តម សៅ សារឿ​ន បានបញ្ជាក់​ថា ដីចម្ការ​មាន​ទំហំ​ប្រមាណ​២០​ហិកតា ក្នុង​នោះ​ដី​អាស្រ័យ​ផល មិនទាន់​មាន​ប្លង់​រឹង​ប្រមាណ​១០​ហិកតា សព្វថ្ងៃ​មាន​អ្នកភូមិ​ចំនួន​១០​គ្រួសារ បាន​ធ្វើ​ការងារ​នៅក្នុង​ចម្ការ​នេះ ហើយ​លោក​ក៏​ចង់ឲ្យ​មាន​ការបង្កើត​តំបន់​នេះ​ជា​កន្លែង​ផ្តល់​សេវា​ទេសចរណ៍​ផងដែរ ដើម្បី​ផ្តល់​ការងារ​ជូន​ដល់​ពលរដ្ឋ​ជួប​ការខ្វះខាត​។

​ជា​ការឆ្លើយតប​ទៅនឹង​ការស្នើ​ខាងលើ ឯកឧត្តម សៅ សារឿ​ន បានបញ្ជាក់​ថា ឯកឧត្តម រួម ចំណែក​ការជួយ​ប្រជា​ពលរដ្ធ​នៅ​មូលដ្ឋាន​ភ្នំ​ពោនក៏​ច្រើន​ណាស់​ដែរ ប៉ុន្តែ​បើ​បងប្អូន​សំណូមពរ​ហើយ ឯកឧត្តម នឹង​ខិតខំ​ស្វែងរក​លទ្ធភាព​ជួយ​ពួក​គាត់​បន្ត​ទៀត​តាម​ធនធាន​៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *