សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម គី​ហា​រ៉ា មី​ណូរឹ​(KIHARA Minoru) រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១ កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម គី​ហា​រ៉ា មី​ណូរឹ (KIHARA Minoru) រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់ ឯកឧត្តម គី​ហា​រ៉ា មី​ណូរឹ (KIHARA Minoru) រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​តេជោ បាន​លើកឡើង​ថា ទស្សនកិច្ច​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​នា​ឱកាស​នេះ គឺ​ស្របពេល​ដែល​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស កំពុង​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា មាន​ប្រវែង​១៨០​គីឡូម៉ែត្រ ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ ហើយ​និង​ចំ​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​ផងដែរ​។ សម្តេច​តេជោ ជឿជាក់ថា ទស្សនកិច្ច​របស់​ឯកឧត្តម និង​គណៈប្រតិភូ​នៅ​កម្ពុជា នឹង​រួមចំណែក​ដល់​ការពង្រឹង​ពង្រីក និង​ផ្តល់​សន្ទុះ​បន្ថែមទៀត​ដល់​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ដែល​មាន​ស្រាប់​លើ​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​២​និង​ធ្វើឱ្យ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ជប៉ុន​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ។​

​ឯកឧត្តម គី​ហា​រ៉ា មី​ណូរឹ បាន​បង្ហាញ​នូវ​សេចក្តីរំភើប​រីករាយ​ដែល នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​ឯកឧត្តម មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​នាពេលនេះ បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​សម្តេច​តេជោ បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ក្នុង​ថ្ងៃ​ពិសេស​នេះ ដើម្បី​ទទួល​ជួប​ឯកឧត្តម និង​គណៈប្រតិភូ​។​

​ឯកឧត្តម បាន​គោរព​ជូនពរ​សម្តេច​តេជោ ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​របស់​សម្តេច និង​ចូលរួម​អបអរសាទរ​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​សម្រេចបាន​នូវ​ការបើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ដែល​នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា នាពេលខាងមុខ​។​

​ឯកឧត្តម សូម​យក​ឱកាស​នេះ​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​សម្តេច​តេជោ រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ​អាកាសយានិក​កម្ពុជា​ទាំង​ពីរ​រូប ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ពាក់​កណ្តា​កល​ខែកក្កដា​កន្លងមក​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន បាន​វាយតម្លៃ​ខ្ពស់ និង​ស្វាគមន៍​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ជប៉ុន ដែល​ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ខួប​អនុស្សាវរីយ៍​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​លើ​ក​ទី​៧០ កាល​ឆ្នាំ​២០២៣​កន្លងមក​។ ឯកឧត្តម ជឿជាក់​ថា​តាមរយៈ​កិច្ចព្រមព្រៀង​នេះ កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន លើ​គ្រប់​វិស័យ និង​ជា​ពិសេស​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ ការពារជាតិ នឹង​ត្រូវ​បាន​ជំរុញ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *