នៅព្រឹកថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្ត្រីការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្ត្រីការពារជាតិជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាឱកាសនេះ គឺស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេទៅសមុទ្រ ហើយនិងចំថ្ងៃខួបកំណើតរបស់សម្តេចផងដែរ។ សម្តេចតេជោ ជឿជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីក និងផ្តល់សន្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការល្អប្រសើរដែលមានស្រាប់លើវិស័យការពារជាតិរវាងប្រទេសទាំង២និងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុនកាន់តែស៊ីជម្រៅបន្ថែមទៀត ។
ឯកឧត្តម គីហារ៉ា មីណូរឹ បានបង្ហាញនូវសេចក្តីរំភើបរីករាយដែល នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងតួនាទីជារដ្ឋមន្ត្រីការពារជាតិជប៉ុននាពេលនេះ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចតេជោ បានចំណាយពេលវេលាដ៏មានតម្លៃក្នុងថ្ងៃពិសេសនេះ ដើម្បីទទួលជួបឯកឧត្តម និងគណៈប្រតិភូ។
ឯកឧត្តម បានគោរពជូនពរសម្តេចតេជោ ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច និងចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា នាពេលខាងមុខ។
ឯកឧត្តម សូមយកឱកាសនេះចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារអាកាសយានិកកម្ពុជាទាំងពីររូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីពាក់កណ្តាកលខែកក្កដាកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ និងស្វាគមន៍កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនលើកទី៧០ កាលឆ្នាំ២០២៣កន្លងមក។ ឯកឧត្តម ជឿជាក់ថាតាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន លើគ្រប់វិស័យ និងជាពិសេសកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ នឹងត្រូវបានជំរុញកាន់តែប្រសើរឡើងថែមទៀត។