លោកTawan Jalerm ជាអ្នកបង្កើតមាតិកានៅលើបណ្ដាញសង្គមនិងបច្ចុប្បន្នគឺជាអគ្គនាយកសារព័ត៌មានល្បីឈ្មោះមួយ ដែលត្រូវបានមហាជនទូទាំងប្រទេសស្គាល់តាមរយៈការផ្សព្វផ្សាយព័ត៌មាន និងការផលិតVideo ជួយជនពិការ ស្ដ្រីជួបការលំបាកកន្លងមកមិនតិចនាក់ បានបង្ហាញការឈឺចាប់របស់ខ្លួននៅលើផេកផ្លូវការនៅមុននេះបន្តិច នោះគឺរឿង ក្តៅគគុកករណីរំលោភបូក ដែលជនសង្ស័យមានគ្នា៣នាក់បានធ្វេីកម្មភាព រំលោភបូក ទៅលើក្មួយស្រីដែលជាប់សាច់ញាតិរបស់លោក នាងទេីបតែមានអាយុ១៤ឆ្នាំ មិនត្រឹមតែធ្វើសកម្មភាពរំលោភនោះទេថែមទាំងបានថតវីដេអូ ទុកឆាតផ្ញេីបង្អួតមិត្តភក្តិតាម Message Facebook ថែមទៀតផង ។
លោកបន្ថែមថាជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ។ បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួច ប៉ូលិសស្រុកមេសាងខេត្តព្រៃវែង បានប្រាប់គ្រួសារជនរងគ្រោះថា គាត់កំពុងធ្វើការ និងរងចាំដីកាចាប់ខ្លួន ។
គួរបញ្ជាក់ផងដែរថា ជនដែលធ្វើសកម្មភាពទាំងបីនាក់នោះ មានម្នាក់ត្រូវចូលរោងការនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៤ ប៉ូលីសកំណត់មុខសញ្ញាបានព្រមទាំងស្គាល់ទីតាំងរោងការនោះថែមទៀតផង ក្រុមជំនាញអាជ្ញាធរនៅស្រុកមេសាងបន្ថែមថាគាត់នឹងចុះចាប់នៅពេលយប់ថ្ងៃចូលរោងការបន្ទាប់មកប្តូរមកចាប់នៅពេលព្រឹកវិញបន្ទាប់មកទៀតប្រាប់ថារងចាំដីកាចាប់ខ្លួន ហើយត្រូវនឹងថ្ងៃទី ២២ ខែឆ្នាំដដែលនោះដីកាចាប់ខ្លួនក៏បានមកដល់ដៃប៉ូលិសពេលល្ងាច ប៉ូលីសកំណត់មុខសញ្ញាបានក្នុងនោះ ជនសង្ស័យម្នាក់ ជាជាកូនកំលោះ និងម្នាក់ទៀតជាអ្នកកំដរ ចំណែកជនសង្ស័យទី៣មិនមានវត្តមាននៅរោងការទេ ។
ខណៈពេលចុះធ្វើសកម្មភាពចាប់ជនសង្ស័យ ជនសង្ស័យទាំងពីរបានឈជិតគ្នាក្នុងវង់ផឹក ប៉ុន្តែប៉ូលីសចាប់បានតែម្នាក់ ហើយកូនកម្លោះគេចខ្លួនបាត់ ដោយមិនដឹងថារត់ឡើងលើផ្ទះឬចេញក្រៅផ្ទះនោះទេ រហូតមកដល់ពេលនេះនៅមិនទាន់មានដំណឹងពីជនសង្ស័យចំនួន២នាក់ដែលកំពុងគេចខ្លួនឡេីយ ។
លោក Tawan Jalerm បន្តថាក្នុងនាមជាប្រជាពលរដ្ឋរស់នៅទឹកដីឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង សង្ឃឹមយ៉ាងមុតមាំនិងសំណូមពរ ឲ្យលោកពូអាជ្ញាធរដែលមានសមត្ថកិច្ចយកចិត្តទុកដាក់ចាប់ជនសង្ស័យមកផ្ដន្ទាទោសឲ្យបាន នឹងសង្ឃឹមថាមិនមានលេចឮដំណឹងអ្វីខុសពីធម្មតាពីក្រោយការធ្វើការរបស់អាជ្ញាធរឡើយ ។
បន្ថែមពីនេះទៀតលោកបានដាក់ជាសំណួរថា តើបទល្មើសព្រហ្មទណ្ឌករណីរំលោភមានទាំងវត្ថុតាងជាវីដេអូបានទាំងចម្លើយពីជនរងគ្រោះ បែបនេះ មិនអាចចុះចាប់ ជនសង្ស័យភ្លាមៗបាន ទេ ឬយ៉ាងណា ?
ករណីខាងលើនេះដាច់ខាតត្រូវតែរងចាំ ដីកាចាប់ខ្លួន ឬយ៉ាងម៉េច ? សូមអ្នកផ្នែកច្បាប់មេត្តាបកស្រាយផង ។ ហើយចំពោះការចាប់ជនសង្ស័យ បើយើងបានដឹងថាជនសង្ស័យនៅទីនោះថែមទាំងកំពុងរៀបការនឹងមិនរត់ទៅណាតាំងពីថ្ងៃចូលរោងការរហូតដល់ចប់កម្មវិធីថាតេីបច្ចេកទេសរបស់ប៉ូលិសមានការរៀបចំព័ទ្ធស្ទាក់បែបណាក្នុងការត្រៀមចាប់ ហេីយការចុះចាប់មនុស្សពីរនាក់ឈរជាមួយគ្នាចាប់បានតែម្នាក់នេះ លោកពូសមត្ថកិច្ចដែរទទួលធ្វើការងារនេះមានការបកស្រាយបែបណាដែរ?
ជាចុងក្រោយសំណូមពរដល់អង្គការដែលពាក់ព័ន្ធទៅនឹងករណីរំលោភ ស្នើសុំទៅលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ។
សូមមេត្តាជួយរកយុត្តិធម៌ជូនជនរងគ្រោះដែលជាអនីតិជន រស់នៅក្នុងជីវភាពគ្រួសារក្រខ្សត់ម្នាក់នេះផង ៕