សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស កម្រិត ២ ជំនាន់​ទី ៦

(​ភ្នំពេញ​)៖ ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល រួម​ជាមួយ​ឯកឧត្តម​ប្រធាន អនុប្រធាន​ស្ថាប័ន​ជ៉ំ​វិញ​គណៈកម្មាធិការ​កណ្តាល បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស កម្រិត ២ ជំនាន់​ទី ៦ ជូន​ដល់​សិក្ខ​កាម​ដែល​ជា​មន្ត្រី​របស់​គណបក្ស​មកពី​បណ្តា​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​អង្គការ​មហាជន​របស់​គណបក្ស មាន​ចំនួន​ជាង​១០០ នាក់ នៅ​វិមាន ៧ មករា រាជធានី​ភ្នំពេញ​។

​ក្នុងនាម​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល សម្តេច​ភក្តី សាយ ឈ៉ំ បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ​ក្រៃលែង ដោយ​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស​កម្រិត​២ ជំនាន់​ទី​៦ ដែល​ជា​វគ្គ​ដំបូង​ក្នុង​ឆ្នាំ​២០២៤ នេះ ស្របពេល​ដែល​សភាពការណ៍​ទូទៅ​របស់​ប្រទេសជាតិ​កំពុង​មាន​ការវិវត្ត​ល្អប្រសើរ​លើ​គ្រប់​វិស័យ និង​ក្នុង​ពេល​ដែល​គណបក្ស​យើង​កំពុង​ជំរុញ​ការអនុវត្ត​នូវ​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​០៩-១០ ខែ​ធ្នូ ឆ្នាំ​២០២៣ ជាពិសេស​បន្ទាប់​ពី​គណបក្ស និង​ប្រជាជន​យើង​ទើបនឹង​បាន​ប្រារព្ធ​ខួប​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ ៧ មករា ជា​ប្រវត្តិសាស្ត្រ យ៉ាង​ឱឡារិក ។ សម្តេច​ក៏​បាន​ពាំនាំ​ការ​ផ្តាំ​សួរសុខទុក្ខ និង​ជូនពរ​ពី​សំណាក់​សម្តេច​ប្រធាន​គណបក្ស សម្តេច​ប្រធានកិត្តិយស​គណបក្ស សម្តេច​អនុប្រធាន​គណបក្ស និង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងអស់ ជូន​ចំពោះ​សិក្ខាកាម ក៏​ដូច​មន្ត្រី​បម្រើ​ការងារ​ទាំងអស់ ប្រកប ដោយ​ក្តី​នឹករឭក និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ។​

​ដើម្បី​ធានា​ឲ្យ​វគ្គ​អប់រំ​នយោបាយ​បាន​ទទួល​លទ្ធផល​ល្អប្រសើរ​តាម​ការរំពឹងទុក សម្តេច​ភក្តី សាយ ឈ៉ំ ផ្តាំផ្ញើ​ដល់​គណៈ​ឃោសនាអប់រំ​នៃ​គណៈកម្មាធិការ​កណ្តាល យកចិត្តទុកដាក់​បំពេ​ញ​រាល់​ការងារ​ពាក់ព័ន្ធ​នឹង​វគ្គ​សិក្សា​ថ្មី​នេះ ឲ្យបាន​ល្អ និង​សូម​គ្រូ​ឧទ្ទេស​នាម​គ្រប់​រូបយ​ក​អស់​កម្លាំងកាយ កម្លាំងចិត្ត​ក្នុងការ​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​ដល់​សិក្ខាកាម ។ ព្រម​ជាមួយ​នេះ សូម​សិក្ខាកាម​ម្នាក់ៗ​យកចិត្តទុកដាក់​រៀន​សូត្រ គោរព​វិន័យ ថែរក្សា​សុខភាព និង​អនុវត្ត​នូវ​ប្រការ​កំណត់​នានា​របស់​វគ្គ​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា បង្ហាញ​នូវ​ភាពជា​អ្នកដឹកនាំ និង​ភាព​ជា​គំរូ​ល្អ​របស់​មន្ត្រី​គណបក្ស ។​

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *