(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល រួមជាមួយឯកឧត្តមប្រធាន អនុប្រធានស្ថាប័នជ៉ំវិញគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ៦ ជូនដល់សិក្ខកាមដែលជាមន្ត្រីរបស់គណបក្សមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការមហាជនរបស់គណបក្ស មានចំនួនជាង១០០ នាក់ នៅវិមាន ៧ មករា រាជធានីភ្នំពេញ។
ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្តេចភក្តី សាយ ឈ៉ំ បានសម្តែងក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី៦ ដែលជាវគ្គដំបូងក្នុងឆ្នាំ២០២៤ នេះ ស្របពេលដែលសភាពការណ៍ទូទៅរបស់ប្រទេសជាតិកំពុងមានការវិវត្តល្អប្រសើរលើគ្រប់វិស័យ និងក្នុងពេលដែលគណបក្សយើងកំពុងជំរុញការអនុវត្តនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសកាលពីថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ជាពិសេសបន្ទាប់ពីគណបក្ស និងប្រជាជនយើងទើបនឹងបានប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ យ៉ាងឱឡារិក ។ សម្តេចក៏បានពាំនាំការផ្តាំសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនចំពោះសិក្ខាកាម ក៏ដូចមន្ត្រីបម្រើការងារទាំងអស់ ប្រកប ដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ។
ដើម្បីធានាឲ្យវគ្គអប់រំនយោបាយបានទទួលលទ្ធផលល្អប្រសើរតាមការរំពឹងទុក សម្តេចភក្តី សាយ ឈ៉ំ ផ្តាំផ្ញើដល់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល យកចិត្តទុកដាក់បំពេញរាល់ការងារពាក់ព័ន្ធនឹងវគ្គសិក្សាថ្មីនេះ ឲ្យបានល្អ និងសូមគ្រូឧទ្ទេសនាមគ្រប់រូបយកអស់កម្លាំងកាយ កម្លាំងចិត្តក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាម ។ ព្រមជាមួយនេះ សូមសិក្ខាកាមម្នាក់ៗយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ ថែរក្សាសុខភាព និងអនុវត្តនូវប្រការកំណត់នានារបស់វគ្គប្រកប ដោយស្មារតីទទួលខុសត្រូវ ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា បង្ហាញនូវភាពជាអ្នកដឹកនាំ និងភាពជាគំរូល្អរបស់មន្ត្រីគណបក្ស ។