កណ្ដាល:នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅបរិវេណវិឡាល័យROTA ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានចុះធ្វើការពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ជិត២ពាន់នាក់ មកពីប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ឯកឧត្តមជិត ប៉ុណ្ណារ៉ាបានមានប្រសាសន៍ថា៖ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោល គឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។