តាកែវ៖សមិទ្ធផលនានាជាច្រើន រួមមានស្ពានបេតុង ផ្លូវគ្រួស សួនច្បារ ស្ថិតនៅឃុំក្រពំុឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ញាណ ឡេង និងលោកជំទាវទិត្យ មាលា
ឯកឧត្តម ញាណ ឡេង បានឱ្យដឹងដែរថា សមិទ្ធផលនានាដែលត្រូវសម្ពោធនៅពេលនេះរួមមាន៖ -សួនច្បារ
ផ្លូវបេតុងប្រវែងទទឹង4ម៉ែត្រ បណ្តោយ1023ទំហំសរុប4092ការ៉េ និងផ្លូវគ្រួសក្រហមទទឹង5ម៉ែត្របណ្តោយ420ម៉ែត្រផ្ទៃសរុប 2100ម៉ែត្រការ៉េនៅភូមិព្រៃម្លូ ឃុំក្រពុំឈូ ស្រុកកោះអណ្តែត ខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម បានលើកឡើងថា សមទ្ធិផលថ្មីៗជាច្រើនដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានកើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ុនប្រសប់ និងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសន្តិភាព ឯកភាព និងកិត្យានុភាពជាតិ ហើយបានទទួលការកោតសរសើរស្ងប់ស្ញែងលើឆាកអន្តរជាតិ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវដឹងគុណសន្តិភាព និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមការពារសន្តិភាព ដើម្បីអោយប្រទេសរបស់យើង មានការអភិវឌ្ឍបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍ ពិសេសមេរោគបំលែងថ្មីអូមីក្រុង ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មាន ៣កុំ និង ៣ការពារ។