ឯកឧត្តម គង់​សោ​ភណ្ឌ័​អភិបាលខេត្ត​កណ្ដា​ល សម្របសម្រួល​ជោគជ័យ រវាង​បងប្អូន​ខ្មែរឥស្លាម​សំឡេះ​សត្វ​ពពែ និង​ម្ចាស់​ទី​សត្វឃាត​, ឯកភាព​តម្លៃ​៤​ពាន់​រៀល​ក្នុង​មួយ​ក្បាល និង​ស្នើ​យោគយល់​កម្រៃ​សេវាកម្ម​អនាម័យ​សត្វ​២​ពាន់​រៀល​ក្នុង​មួយ​ក្បាល​

(​កណ្ដាល​)៖ ឯកឧត្តម​គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​សម្របសម្រួល​បាន​ជោគជ័យ ជុំវិញ​បញ្ហា​វិវាទ​រវាង​អាជីវករ​ខ្មែរឥស្លាម​ប្រកប​អាជីវកម្ម​សំឡេះ​សត្វ​ពពែ និង​ម្ចាស់​ទី​សត្វឃាត ទៅ​លើ​តម្លៃ​៤០០០​រៀល​ក្នុង​មួយ​ក្បាល ហើយ​ស្នើសុំ​យោគយល់​កម្រៃ​សេវាកម្ម​អនាម័យ​សត្វ​ចំនួន ២០០០​រៀល ទៅ​លើ​សត្វ​ពពែ​មួយ​ក្បាល​។ ការសម្របសម្រួល​នេះ បាន​ទទួល​ការ​សាទរ​ជា​អនេក​ពី​សំណាក់​ពលរដ្ឋ​ខ្មែរឥស្លាម​យ៉ាងច្រើន​កុះករ​។​

​ការសម្របសម្រួល​បាន​ជោគជ័យ​នេះ បាន​ធ្វើឡើង​នៅក្នុង​ការសម្របសម្រួល​គ្នា​មួយ​នៅក្នុង​សាលាស្រុក​ពញ្ញាឮ ដោយ​មាន​ការចូលរួម​ជា​អធិបតីភាព​របស់​ឯកឧត្តម គង់ សោភ័ណ្ឌ​, ពលរដ្ឋ​ខ្មែរ​ឥស្លាម​ប្រមាណ​ជា​៣០​នាក់ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ បាន​សម្របសម្រួល​ប្រកបដោយ​ចិត្តសាស្ត្រ​ខ្ពស់​ដែល​ភាគី​ទាំង​២ អាច​ទទួលយកបាន​ប្រកប​ដោយ​ទឹកមុខ​រីករាយ ខណ​:​ដែល​វិវាទ​បាន​កើតឡើង​ជា​យូរ​មក​ហើយ រហូត​ឈានដល់​ការប៉ះទង្គិច​ពាក្យ សំដី​គ្នា​នា​ពេលកន្លងមក ។​

​ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើង​ជុំវិញ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​គិតគូរ​យល់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​:​ទាំងអស់ ហើយ​លោក​ក៏​យកចិត្ត ទុកដាក់​ខ្ពស់​ចំពោះ​រាល់​ការធ្វើ​អាជីវកម្ម​របស់​ពលរដ្ឋ ដោយ​បង្ក​ភាពងាយស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការប្រក​ប​អាជីវកម្ម​ផ្សេងៗ ពិសេស​បង្កើត​ភាពងាយស្រួល​ពលរដ្ឋ​ក្នុងអំឡុងពេល​សម័យ​កូវី​ដ​១៩​នេះ​។​

​អភិបាលខេត្ត​កណ្ដាល បាន​ពន្យល់​ពី​របៀប​វីរ​:​ផ្សេងៗ​ជុំវិញ​ភាពស្របច្បាប់ នៃ​ការធ្វើ​អាជីវកម្ម​សត្វ​ពពែ​នេះ និង​ភាពងាយស្រួល​ចំពោះ​ការ​សំឡេះ​សត្វ នៅឯ​ទីសត្តឃាត​។​

​ជុំវិញ​ការសម្របសម្រួល​នេះ លោក ហ៉ីម ម៉ាត់ និង​លោកស្រី សា​ចា​រ៉ោះ តំណាង​ពលរដ្ឋ​អ្នករកស៉ី​សត្វពពែ​នៅ​ឯ​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញ្ញាឮ បាន​សំដែង​ការសប្បាយ​រីករាយ​ត្រេកអរ​ឥតឧបមា ដែល​បាន​ឯកឧត្តម​អភិបាលខេត្ត សម្របសម្រួល​បាន​យ៉ាង​ពេញចិត្ត​ចំពោះ​បញ្ហា​ទំនាស់ ដែល​កើតឡើង​យ៉ាង​រ៉ាំរ៉ៃ​នា​ពេល​កន្លង​ទៅ​។​

​ចំពោះ​កិច្ច​នេះ​ដែរ​លោក សាន់ ធី ម្ចាស់​ទីតាំង​សត្វឃាត​ក្នុងភូមិ​ខាងលើ ក៏​យល់ព្រម​ទទួលយក​ការសម្របសម្រួល​នេះ ហើយ​ថា​នេះ​ជា​ការសម្របសម្រួល​ដ៍​អស្ចារ្យ​បំផុត​មួយ ដែល​បាន​ធ្វើឡើង​ក្រោម​ការសម្របសម្រួល ពី​ឯកឧត្តម​អភិបាលខេត្ត ហើយ​ថា​បើ​គ្មាន​វត្ត​មាន​ចូលរួម​ដោះស្រាយ​ពី​លោក​អភិបាលខេត្ត​ទេ ម្ល៉េះ​រឿងរ៉ាវ​នេះ​នៅតែ​អូសបន្លាយ​មិនដឹង​ពេល​ណា​ទេ​ទើប​ចប់​។​

​គួរ​ជម្រាប​ថា ការសម្របសម្រួល​នេះ​បាន​សម្រេច​យល់ព្រម​ទៅ​លើ​តម្លៃ ៤០០០​រៀល​ក្នុង​មួយ​ក្បាល​រយ​:​ពេល​មួយ​ឆ្នាំ ហើយ​ឆ្នាំ​បន្ទាប់​ឡើង​តម្លៃ​៥០០០​រៀល រហូតដល់​ចប់​អាជ្ញាប័ណ្ណ ខណ​:​ដែល​ឯកឧត្តម​អភិបាលខេត្ត នឹង​ស្នើ​ទៅ​ក្រសួង​កសិកម្ម ក្នុង​ការយោគយល់​ចំពោះ​កម្រៃ​សេវាកម្ម​អនាម័យ​សត្វ​២០០០​រៀល ក្នុង​ពពែ​មួយ​ក្បាល ព្រោះ​អាជីវកម្ម​មាន​ចំណូល​ទាប​ដោយសារ​ជំងឺ​កូវី​ដ​១៩ ហើយ​នេះ​ជា​មូលដ្ឋាន​នៃ​ការដោះស្រាយ​បញ្ចប់​វិវាទ អាចឈាន​ទៅ​ដល់​ការសម្រេច​ទទួលយកបាន​ទាំង​ភាគី​សងខាង​។​

​ស្ថិត​ក្នុងឱកាស​ចុះ​សម្របសម្រួល​នេះដែរ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ចេះ​ប្រើប្រាស់​ពាក្យ​សំដី​ល្អ​សមរម្យ​ទៅ​ចំ​ពោះ​ប្រជាជន ព្រមទាំង​មាន​ការសម្របសម្រួល​ផ្លូវចិត្ត​ទាំង​មន្ត្រី និង​ប្រជាពលរដ្ឋ​ផងដែរ ខណ​:​ដែល​ឯកឧត្តម​អភិបាលខេត្ត​ស្នើ​សុំឲ្យ​មាន​ការយោគយ​ល់​អធ្យាស្រ័យ​គ្នា​ចំពោះ​ភាព​លើសលួស​នា​ពេលកន្លងមក​ដោយ​សហការ​គ្នា គោរព​ស្រលាញ់​រាប់អាន​គ្នា ក្នុងនាម​ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ​៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *