ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ឆ្លង​កាត់​បណ្ដោះ​អាសន្ន ខណៈ​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៅ​លេង​កម្សាន្ត និង​សម្ដែង​ការសប្បាយ​រីករាយ​

(​ត្បូងឃ្មុំ​)៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ដែល​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្ពោះទៅ​កាន់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ស្ថាបនា​រួចរាល់​ហើយ និង​បាន​បើ​កឲ្យប្រើប្រាស់​ជា​បណ្ដោះអាសន្ន ខណៈ​ដែល​គេ​សង្កេតឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាន​ទៅ​លេង​កម្សាន្ត​នៅលើ​ស្ពាន​នេះ ព្រមទាំង​បង្ហាញ​ការសប្បាយ​រីករាយ​ដោយសារ​តែ​សមិទ្ធផល​ដ៏​ល្អ​ឯក ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន បង្ហាញ​ពី​មុខមាត់​រីកចម្រើន​នៅតាម​មូលដ្ឋាន​។​

​អ្នកស្រី ម៉ាន ណា​ស៊ីរ៉ោះ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ក្រូចឆ្មារ ដែល​បាន​នាំ​គ្រួសារ​ទៅ​លេង​កម្សាន្ត​នៅ​លើ​ស្ពាន​នេះ​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២១ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ថា លោកស្រី និង​ក្រុមគ្រួសារ ទន្ទឹង​រង់ចាំ​ការស្ថាបនា​ស្ពាន​នេះ​យូរ​ឆ្នាំ​មកហើយ​។ បន្ទាប់ពី​បាន​ឃើញ​ស្ពាន​នេះ​បាន​សាងសង់​រួចរាល់ វា​ប្រៀបបាន​នឹង​ព្រះឥន្ទ្រ​ប្រទាន​នូវ​ស្ពាន​ដ៍​ល្អ​ឯក​មួយ ដែល​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹង​ត្រង់​មក​ស្រុក​ក្រូចឆ្មារ​នេះ ដែល​ធ្វើឲ្យ​មាន​ភា​ពងាយ ស្រួល​សម្រាប់​ប្រជាពលរដ្ឋ នៅក្នុង​ការធ្វើ​ដំណើ​រឆ្ល​ង​ពី​ស្រុក​ក្រូចឆ្មារ ទៅ​ស្រុក​ស្ទឹងត្រង់​។​

​អ្នកស្រី​បន្ត​ថា ដើមឡើយ​ពួកគាត់​តែងតែ​ធ្វើ​ដំណើរ​ឆ្លង​តាម​ទូកដ​រ និង​សាឡាង ដែល​មាន​ការលំបាក ដោយសារតែ​ការ​ឆ្លងតាម​មធ្យោបាយ​នេះ មាន​ម៉ោង​កំណត់​របស់​គេ ដែល​ជា​ហេតុ​ធ្វើឱ្យ​មាន​ភាពយឺតយ៉ាវ​មួយចំនួន​។ ប៉ុន្តែ បន្ទាប់ពី​បាន​ឃើញ​សមិទ្ធផល​ដ៏​ល្អ​ឯក​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​នេះ លេចចេញ​ជា​រូបរាង​រួចមក ធ្វើឲ្យ​ពួកគាត់​មាន​ការ​សប្បាយចិត្ត​ត្រេកអរ​យ៉ាងខ្លាំង ដែល​ស្ពាន​នេះ​គឺជា​តឹកតាង​ដ៏​សំខាន់​មួយ ដែល​បង្ហាញ​អំពី​ស្នាដៃ​របស់ សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ធ្វើឲ្យ​មាន​ការសាងសង់​ស្ពាន​មួយនេះ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ​ព្រោះថា ស្ពាន​នេះ​គឺជា​សរសៃឈាម​ត​ភ្ជាប់​សេដ្ឋកិច្ច​ដ៏​ល្អ​ណាស់ ខណៈ​ដែល​មាន​ការធ្វើ​ចរាច​រណ៍ មាន​កំណើន​យ៉ាង​ច្រើន​កុះករ និង​អាច​បង្កើតឲ្យមាន​មុខរប​រ និង​សេដ្ឋកិច្ច​ល្អ​ជាង​មុន​។​

​ជាមួយគ្នានេះ លោក សុះ ម៉ាត់ ជា​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ស្រុក​ក្រូចឆ្មារ​ផង​ដែរ​នោះ បាន​លើកឡើង​ថា ស្ពាន​នេះ​ពួកគាត់​ទន្ទឹងរង់ចាំ​ដូច​រង់ចាំ​ម្ដាយ​មកពីផ្សារ​យ៉ាង​ដូច្នោះ​ដែរ ដោយសារ​តែ​ស្ពាន​នេះ​ពិតជា​មាន​សារៈសំខាន់ យ៉ាងខ្លាំង នៅពេល​ដែល​ស្ពាន​បាន​ត​ភ្ជាប់ ដែល​ញ៉ាំង​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ទាំង​ប្រជាកសិករ អ្នកធ្វើដំណើរ​ទៅ​មក អ្នក​ដឹកទំនិញ ដឹក​កសិផល​ទាំងឡាយ គឺ​ពិតជា​មាន​ភាពងាយស្រួល​នៅក្នុង​ការតភ្ជាប់​សរសៃ​ឈាម ត​ភ្ជាប់​ការរកស៊ី​រក​ទទួល​ទាន​របស់​គាត់​ដែល​ស្ពាន​មួយ​ខ្សែ​នេះ ពិត​ជា​ឆ្លុះ​បញ្ចាំង​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។​

​លោក សុះ ម៉ាត់ បញ្ជាក់ទៀតថា ពីមុន​ដើមឡើយ​ពួកគាត់​ឆ្លង​សាឡាង​មាន​ការលំបាក​មាន​ម៉ោង​កំណត់​ពេលវេលា​ត្រឹមត្រូវ ហើយ​ម្ដង​ឆ្លង​ចំណាយ​ពេល​ពី​កន្លះ​ម៉ោង​ទៅ​មួយ​ម៉ោង ដែល​ធ្វើឲ្យ​ពួកគាត់​មានការ​រង្គា​សចិត្ត និង​ពិបាក ក៏ប៉ុន្តែ​មិន​ដឹង​និយាយ​ថា​ម៉េច ពីព្រោះ​ថា​នេះ​គឺជា​គោលការណ៍​របស់​គេ​។

​ប៉ុន្តែ​បន្ទាប់ពី​មាន​ស្ពាន​នេះ​រួច​មក ពួកគាត់​មាន​សង្ឃឹម​ថ្មី​ដូច​ព្រះអាទិត្យ​រះ​ឡើង​ដែល​រំលេច​ដោយ​ពន្លឺ​ចិញ្ចាំង ចិញ្ចែង​ថ្មី​ដែល​នាំឲ្យ​ពួកគាត់​មាន​ការ​សប្បាយចិត្ត និង​រីករាយ​ឥតឧបមា​ដោយសារតែ​ស្ពាន​នេះ​គឺជា​សរសៃឈាម​ត​ភ្ជាប់​សេដ្ឋកិច្ច​យ៉ាង​ពិតប្រាកដ​។​
​គួរ​ជម្រាបជូន​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ដែល​ឆ្លងកាត់​ទន្លេមេគង្គ​នេះ មាន​ប្រវែង​សរុប ១១៣១​ម៉ែត្រ និង​ទទឹង ១៣,៥០​ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង សរសៃ​ដែក​។ ស្ពាន​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​ចំណាយ​ថវិកា​សរុប​ជាង ៥៦​លាន​ដុល្លារ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ សម្តេច​តេជោ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​បើក​ដំណើការ​ជា​បណ្តោះអាសន្ន​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ដូចនេះ​នា​ព្រឹក​ថ្ងៃទី​២៣ ខែ មីនា ឆ្នាំ​២០២១​នេះ ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ និង​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ចុះ ត្រួតពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​ដូចនេះ​ថា «​ដោយ​មាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដើម្បី​បើក​ស្ពាន​នេះ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ជា​ពិសេស​នេះ​ពេល​យើង ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​នេះ ដោយ​មាន​ការកកស្ទះ​គឺ​មិន​ចង់ឱ្យ​គាត់​ប្រើ​សាឡាង​ទៀត​ទេ គឺថា​អាច​ប្រើ ស្ពាន​នេះ​បាន ចឹង​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន លោក​បាន​ឯកភាព​ថា​ឱ្យ​បើក​ស្ពាន​នេះ​ជូន​បងប្អូន ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ពី​ថ្ងៃនេះ​តទៅ​»៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *