អ្នក​កាត់​សែស្រឡាយ​ចិន​សម្រុក​មក​អុជ​ធូប​ប្ដូរ​ស៊យ​យក​ហេង​សំណាង​លាភ​ជ័យ​រកស៊ី​មានបាន​នៅ​វិហារ​អ្នកតា​ចិន​ក្រុង​តាខ្មៅ​

ក្រុង​តាខ្មៅ​: ៖ ជំនឿ​ទៅ​យក​អំពៅខ្មៅ​ពី​ព្រះវិហារ​ចិន​លោក​តា​ធំ​(​ប៉ោ​សែ​)​ក្រុង​តាខ្មៅ​នៅតែ​បន្ត​ប្រណិបតន៍​ដោយ​ប្រជាជន​ខ្មែរ​សែស្រឡាយ​ចិន​និង​វៀតណាម​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។​

​នៅ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នៅ​វិហារ​ធំ​លោកតា​ចិន​ក្រុង​តាខ្មៅ​ពោរពេញ​ទៅដោយ​មនុស្ស​ម្នា​អ៊ូអរ​មក​កាន់​ទីនោះ​ក្នុង​បំណង​អុជ​ធូប​បន់ស្រន់​សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​និង​ទ្រព្យសម្បត្តិ​ហូរហៀរ​។​

​ទន្ទឹមនឹងនោះ​ដែរ​អ្នក​មាន​ជំនឿ​លើ​វត្ថុ​ស័ក្ដិ​សិទ្ធ​ក៏​មិន​ភ្លេច​ដែរ​នូវ​ការ​ជាវ​អំពៅខ្មៅ​ដើម្បី​នាំ​លាភ​សំណាង​ដល់​ក្រុមគ្រួសារ​និង​បណ្ដេញ​គ្រោះ​ចង្រៃ​ចេញពី​ផ្ទះសម្បែង​។​

​យោង​តាម​អ្នក​ស្នង​រូប​នៅ​វិហារ​ចិន​អ្នក​អាច​យកទៅ​ដាក់​នៅ​ផ្ទះ​ដើម្បី​នាំ​លាភ​និង​យក​ទៅ​ដាំទឹក​ផឹក​ដែល​គេ​ជឿ​ថា​អាច​ព្យាបាល​ជំងឺ​១០០​មុខ​ក្រោយពេល​សែន​ហើយ​បាន​៣​ថ្ងៃ​។​

​ដូច្នេះហើយ​ទើប​ក្រោយ​អ្នក​ដែល​ចាកចេញ​ពី​ព្រះវិហារ​ធំ​ក្រុង​តាខ្មៅ​ម្នាក់ៗ​មិន​ភ្លេច​ឡើយ​ដោយ​នាំយក​នូវ​ដើម​អំពៅ​មូលៗ​ថ្លោស​ស្លឹក​វែងៗ​ចង​ភ្ជាប់​នឹង​ដំបូល​រថយន្ត​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​រៀងៗ​ខ្លួន ។​

​សូមជម្រាបថា នៅ​ទីតាំង​វិហារ​ចិន​ក្រុង​តាខ្មៅ​នេះ​តែងតែ​មាន​ព្រឹត្តិការណ៍​បែប​នេះ​ជា​រៀងរាល់ឆ្នាំ​ហើយ​មនុស្ស​មក​សែនព្រេន​មាន​ច្រើន​កុះករ​២៤​ម៉ោង​លើ​២៤​ម៉ោង​តែ​ម្ដង​ពិសេស​គឺ​ចង្អៀត​នា​ពេលយប់​៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *