(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅឃុំកំពង់ហ្លួង ស្រុកពញាឮ បានសម្តែងការសប្បាយចិត្តចំពោះអាជ្ញាធរឃុំដែលមានលោកស្រី ហេង ម្លប់ ជាមេឃុំ បានឆ្លើយតបការស្នើសុំរបស់ពួកគាត់ជុំវិញការស្នើរសុំស្តារបឹងត្រពាំងរាំងនិងការកសាងផ្លូវចំនួន ២ ខ្សែប្រវែង៣៥០០ ម៉ែត្រ ក្រោយពួកគាត់បានស្នើរសុំនៅ ក្នុងវេទិការសាធារណៈនាពេលកន្លងទៅ ។
លោក ឡេង តួន និងលោក រស់ សុធា អ្នកភូមិពាមជំនីក ឃុំកំពង់ហ្លួង បានសំដែងការសប្បាយចិត្តក្រោយពេលអាជ្ញាធរបានធ្វើការស្ដារបឹងត្រពាំងរាំង ដែលពីមុនបឹងនេះមានសភាពគោករាក់ ដែលបណ្ដាលឱ្យមានការខ្វះខាតទឹកនៅក្នុងការស្រោចស្រពដំណាំរបស់ពួកគាត់ ,បន្ទាប់ពីអាជ្ញាធរបានធ្វើការស្ដាររួចមក បឹងនេះមានសភាពធំទូលាយហើយមានជម្រៅជ្រៅជាងមុន ដែលបង្កឲ្យមានភាពលក្ខណៈងាយស្រួល ព្រោះបឹងនេះជាមេទឹកស្រោចស្រពដំណាំរបស់បងប្អូនប្រជាពលរដ្ឋនៅជុំវិញឃុំកំពង់ហ្លួងនេះតែម្ដង ។
ប្រជាពលរដ្ឋដដែលបន្តទៀតថានេះមិនត្រឹមតែជាសមិទ្ធិផលល្អចំពោះមេទឹកប៉ុណ្ណោះទេ អាចម៍ដីដែលបានកាយចេញពីបឹងត្រពាំងរាំងនេះ អាជ្ញាធរបានធ្វើការកសាងស្ថាបនាផ្លូវចំនួន២ខ្សែថែមទៀតផងដែលមានប្រវែងរហូតដល់៣៥០០ម៉ែត្រឯណោះ ដែលបង្កលក្ខណៈងាយស្រួល
ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងការធ្វើដំណើរនិងដឹកផលដំណាំ
របស់ពួកគាត់ ថែមទៀតផង ។
ទន្ទឹមនឹងសារនេះដែរ លោកស្រីហេង ម្លប់មេឃុំកំពង់ហ្លួង ស្រុកពញាឮ បានលើកឡើងដែរថា លោកស្រីនឹងនៅតែបន្តទទួល
យកសំណើរបស់បងប្អូនប្រជាពលរដ្ឋយកទៅអនុវត្តន៍ទៅតាមការចង់បានរបស់ពួកគាត់ព្រោះក្នុងនាមជាអាជ្ញាធរឃុំក្នុងនាមជាអ្នកបម្រើប្រជាជនគឺត្រូវតែធ្វើយ៉ាងណាដើម្បីអភិវឌ្ឍនៅក្នុងមូលដ្ឋានស្របតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋធ្វើទៅតាម
សមត្ថភាព ។
លោកស្រីបានបន្តទៀតថាជាក់ស្ដែងបន្ទាប់ពីប្រជាពលរដ្ឋបានធ្វើការស្នើសុំការស្ដារបឹងត្រពាំងរាំងនិងការកសាងផ្លូវចំនួន ២ខ្សែរួចមក អាជ្ញាធរឃុំបានទទួលនូវការឧបត្ថម្ភពីសប្បុរសជនគឺលោកស្រីឧកញ៉ាបណ្ឌិតសៀង ចាន់ហេង ដែលបានឧបត្ថម្ភថវិកានៅក្នុងការ កាយយកអាចម៍ដីចេញនៅក្នុងការស្តារបឹងត្រពាំងរាំងហើយនិងការដែលយកអាចម៍ដីទៅចាក់កសាងផ្លូវ ដែលនេះជាសមត្ថផលល្អមួយក្នុងចំណោមសមិទ្ធិផលល្អជាច្រើនរបស់ឃុំនិងជាសមត្ថកិច្ចក្រោមការជួយជ្រោមជ្រែងពីលោកស្រីឧកញ៉ាបណ្ឌិតសៀងចាន់ហេង ។
លោកស្រីក៏សូមធ្វើការបដិសេធចំពោះព័ត៌មានមួយចំនួនដែលបានផ្សាយខុសការពិតដោយចោទប្រកាន់លោកស្រីថាបានឃុបឃិតជាមួយនឹងឈ្មួញទុច្ចរិតនៅក្នុងការកាយដីបឹងទៅលក់ចែកលុយគ្នាចាយ តែតាមពិតនេះមិនមែនដូចជាការសរសេរផ្សាយព័ត៌មាននោះឡើយ ការពិតនោះគឺជាការធ្វើតាមសំណើរស្នើសុំរបស់ប្រជាពលរដ្ឋនៅក្នុងការស្តារបឹងហើយនិងស្ថាបនាផ្លូវតែប៉ុណ្ណោះ ។ រីឯការចោទប្រកាន់ថាលោកស្រីបានធ្វើកាយដីបំផ្លាញជម្រកត្រីពងកូននោះមិនមែនជាការពិតឡើយ តែភាពពិតគឺជាដីកម្មសិទ្ធិឯកជនរបស់គេតែប៉ុណ្ណោះដោយគេធ្វើការជីកដីដើម្បីបង្កើតជាស្រះចិញ្ចឹមត្រីផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ ។
លោកស្រីមេឃុំបានបញ្ជាក់ទៀតថាក្នុងនាមលោកស្រីគឺជាអាជ្ញាធរមូលដ្ឋានលោកស្រីនៅតែបន្ត
ប្ដេជ្ញានៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាពស្របតាមគោលការណ៍ថ្នាក់លើដាក់ជូនមកពិសេសធ្វើយ៉ាងណាដើម្បីអភិវឌ្ឍមូលដ្ឋានឃុំឲ្យមានការរីកចម្រើនជាងមុន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅកម្ពុជា ៕