ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន នាំយក​អំណោយ​មក​ជួយ​កុមារកំព្រា​នៅ​ខណ្ឌ​ច្បារអំពៅ រម្លឹក​ពី​គុណបុណ្យ​ថ្ងៃ​៧ មករា ១៩៧៩

( ភ្នំពេញ )៖ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២១​នេះ ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេជោ​ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន ទីប្រឹក្សា​ក្រសួង​កិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដឹកនាំ​ក្រុម​ការងារ​ចុះ​មក​សួរសុខទុក្ខ និង​ឧបត្ថម្ភ​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ព្រម​ទាំង​ថវិការ​ជិត​៤​លាន​រៀល មក​ដល់​កុមារ​កំព្រា​ស្ថិតនៅ​ក្នុង​សមាគម​បង្កើត​ឋាន​សួគ៍​កុមារ​កម្ពុជា​របស់​ជនជាតិ​ជប៉ុន នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

​ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង បាន​មានប្រសាសន៍​ដឹងគុណ និង​រម្លឹក​ពី​គុណូបក្ការៈ​ដ៍​ធំ​ធេង​
​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុនសែន​ដែលបាន​ប្ដូរជីវិត​យក​សន្តិភាព​​មក​វិញ​ដែល​ថ្ងៃ​៧ មករា ១៩៧៩ ជា​ថ្ងៃ​ដែល​កងទ័ព​រណសិរ្ស​រំដោះ​ជាតិ​កម្ពុជា ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​កងទ័ព​វៀតណាម បាន​មក​ជួយ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស អោយ​រួចផុត​ពី​របប​អាវ​ខ្មៅ​ប៉ុលពត​ដែល​បាន​ធ្វើ​ទុក​បុក​ម្នេញ​យ៉ាងធ្ងន់ធ្ងរ​មកដល់​ប្រជាជន​ទាំងអស់​ទូទាំង​ប្រទេស ។

​ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា បាន​គុណបុណ្យ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​មក​ជួយ​រំដោះ​ប្រជាជន​និង​ប្រទេសជាតិ​អោយ​រួចផុត​ពី​វាលពិឃាត រហូតមកដល់​សព្វថ្ងៃ​នេះ​ប្រទេសជាតិ​មាន​ការអភិវឌ្ឍន៍ មាន​ការរីកចម្រើន សេដ្ឋកិច្ច​លូតលាស់ ប្រជាជន​មាន​ជីវភាព​កាន់តែ​ធូ​ធា​រឡើងៗ ដែល​នេះ​សបញ្ជាក់​ឲ្យឃើញ​ពី​
​តម្លៃ​នៃ​សន្តិភាព​ដែល​រកបាន​
​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​
​មហា​សេនាបតី​តេជោ​ហ៊ុន​សែន ,​ដូច្នេះ​ចូរ​ទាំងអស់គ្នា​រួមគ្នា​ថែរក្សា និង​ការពារ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ។

​សូម​បញ្ជាក់​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២១​នេះ គឺជា​ខួប​លើក​ទី​៤២ នៃ​ថ្ងៃ​ជ័យជំនះ ៧​មករា (៧ មករា ១៩៧៩-៧ មករា ២០២១), សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​អ្នក​សង្គ្រោះ និង​រំដោះ​ជាតិ​ចេញផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ថ្ងៃ​ជ័យជំនះ ៧ មករា​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹកថា របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បានប្រែក្លាយ​កម្ពុជា ទៅ​ជា​វាល​ពិឃាត​ដ៏​ខ្មៅ​ងងឹត​អស់​រយៈពេល ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ និង​បាន​ធ្វើអោយ​បាត់បង់​ជីវិត​​មនុស្ស​ស្លូតត្រង់​អស់​រាប់​លាន​នាក់ ហើយ​ប្រទេស​ជាតិ​ទាំងមូល បាន​វិនាស​អន្តរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។

​សម្តេច​បន្តថា ក្រោយ​ពី​ប្រទេស​ជាតិ ត្រូវបាន​រំដោះ​ចេញ​ផុតពី​របប​ឃោរឃៅ​ព្រៃផ្សៃ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធ​សេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​
​គ្រប់​វិស័យ​មក​ទល់​សព្វថ្ងៃ ហើយ​កម្ពុជា​ក៏​មាន​កិត្យានុភាព និង​មុខមាត់​សារ​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ​។

​ជាមួយគ្នានេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បួងសួង​សូម​ឲ្យ​ស្មារតី​ថ្ងៃ​រំដោះជាតិ ថ្ងៃ​៧​មករា​នេះ ស្ថិតនៅ​ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ ស្ថិតនៅ​ជា​អមតៈ​ក្រោម​ម្លប់​សុខ​សន្តិភាព​ជានិច្ច​និរន្ត៍​។

​សម្តេច​តេជោ ហ៊ុន បាន​បង្ហោះ​សារ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា «​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ថ្ងៃ​ជ័យជំនះ ៧ មករា ! នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២១​នេះ គឺជា​ខួប​លើក​ទី ៤២​ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​
​សង្គ្រោះ និង​រំដោះ​ចេញ​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ដែល​បាន​ប្រែក្លាយ​កម្ពុជា ទៅ​ជា​វាល​ពិឃាត​ដ៏​ខ្មៅ​ងងឹត​អស់​រយៈពេល​៣ ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ។ របប​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​យុងឃ្នង​នេះ បានធ្វើអោយ​បាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់​អស់​រាប់​លាន​នាក់ ហើយ​ប្រទេស​ជាតិ​ទាំងមូល​បាន​វិនាស​អន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។

​គួរ​រំលឹក​ដែរ​ថា កាលពី​៤២​មុន ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​រួម​ទាំង​
​កុមារ​តូចៗ រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​អោយ​ធ្វើការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ​ព្យាបាល គ្មាន​សាលារៀន ហើយ​សិទ្ធិ​សេរីភាព​ទាំងអស់​របស់​ពលរដ្ឋ ត្រូវ​បាន​របប​ព្រៃផ្សៃ​នេះ បាន​បំបិទ​មិនអោយ​មាន ពលរដ្ឋ​ដែល​មានសំណាង​នៅសល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង គឺ​រង់ចាំ​តែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ ត្រូវបាន​រំដោះ​ចេញ​ផុតពី​របប​ឃោរឃៅ​ព្រៃផ្សៃ​មួយ​នេះ នៅ​ថ្ងៃ​ទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធ​សេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​មក​ទល់​សព្វថ្ងៃ​។

​ទន្ទឹមនឹងនោះ​ដែរ កម្ពុជា​ក៏​មាន​កិត្យានុភាព និង​មុខមាត់​សារ​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​នៅ​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ថ្ងៃនេះ សូម​ឱ្យ​ស្មារតី​ថ្ងៃ​រំដោះ​ជាតិ​នេះ ស្ថិតនៅ​ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ ស្ថិតនៅ​ជា​អមតៈ​ក្រោម​ម្លប់​សុខ​សន្តិភាព​ជានិច្ច​និរន្ត៍​។​

ក្នុងឆ្នាំសកលថ្មី ២០២១នេះ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *