(កណ្តាល) ៖ ប្តីលោតធាក់ប្រពន្ធមួយជើងនិងដាល់ចំនួនមួយដៃចំភ្នែកខាងឆ្វេងបណ្ដាយឱ្យបែកឈាម ដែលអំពើហិង្សាក្នុងគ្រួសារនេះកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥និង១០នាទីល្ងាចនៅចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលបន្ទាប់មកត្រូវប៉ូលិសឃាត់ខ្លួន។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហ៊ុល សាវ៉េត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្រពន្ធ។ចំណែកជនសង្ស័យឈ្មោះ ថុល ភិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាប្ដី។
ប៉ូលិសបន្តថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥និង១០នាទីល្ងាច ជនសង្ស័យបានមកពីដើរលេងវិញមិនឃើញជនរងគ្រោះនៅផ្ទះហើយទុកកូនចោល។ពេលនោះជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះហើយជនរងគ្រោះឆ្លើយថា «ចាំបន្តិចៗ»។ ចាំយូរទៅៗនៅពេលជនរងគ្រោះទៅដល់ផ្ទះបាន ឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យក៏បានស្ទុះទៅធាក់ជនរងគ្រោះមួយជើងនិងដាល់ចំនួន០១ដៃចំភ្នែកខាងឆ្វេងបណ្ដាយឱ្យបែកឈាម ហើយត្រូវបានក្រុមគ្រួសារនិងបងប្អូនយកទៅព្យាបាលភ្នែកនៅមន្ទីរពេទ្យបង្អែកជ័យជំនះ នៅក្រុងតាខ្មៅ។
បន្ទាប់ពីទទួលព័ត៌មាននេះភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំបានចុះដល់កន្លែងកើតហេតុហើយបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្ដង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា«ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន»។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕