សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ជន​មាន​ចេតនា​ទុច្ចរិត បាន​បង្កើត​គណនី facebook ក្លែងក្លាយ​ជាច្រើន​ធ្វើ​ការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោង​ព័ត៌មាន​បំពុល​សង្គម​

ខេត្ត​កែប ៖ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ជាច្រើន​ពី​បណ្ដា​អង្គភាព​មួយ​ចំនួន និង​ជនរងគ្រោះ​ជាច្រើន​នាក់ និង​ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ដល់​មាន​ការឃាត់ខ្លួន​បុរស​ម្នាក់​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ដោយ​មាន​ការសហការ​ជាមួយ​នគរបាល​ខេត្ត​កែប​។​

​នេះ​បើ​តាម​ការបញ្ជាក់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រាប់​ដល់​សារព័ត៌មាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​មុន​នេះ​បន្តិច​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ងិន ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ធ្វើឡើង​នៅ​ចំណុច​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដែល​ជា​កន្លែង​រស់នៅរ​បស់​ជនសង្ស័យ​តែម្តង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា យុវជន​រូប​នេះ​មាន​ចេតនា​ទុច្ចរិត បាន​បង្កើត​គណនី facebook ក្លែងក្លាយ​ជាច្រើន​ធ្វើ​ការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោង​ព័ត៌មាន​បំពុល​សង្គម បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បរិហារកេរ្តិ៍​លើ​ថ្នាក់ដឹកនាំ​កំពូល តាំង​ពី​ព្រះមហាក្សត្រ សម្តេចនាយក​រដ្ឋមន្ត្រី អភិបាលខេត្ត រហូតដល់​ស្នងការ​នគរបាល​ខេត្ត​មួយចំនួន ដោយ​គេ​បាន​សរសេរ​នូវ​ភាសា​អសុរោះ កាត់ត​រូបភាព​លើ​គណនី Facebook ក្លែងក្លាយ​ទាំងនោះ​។​

​យុវជន ងិន ស៊ុយ​ទ្រី បាន​សារភាព​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​នារី​ឈ្មោះ ទ្រី ស៊ា​ង​ម៉ី តាំងពី​ដើម​ឆ្នាំ​២០១៦ ក្រោយមក​នារី ទ្រី ស៊ា​ង​ម៉ី បាន​ផ្លាស់ប្ដូរ​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ តាំងពី​ពេលនោះ​មក​ទំនាក់ទំនង​របស់​គេ​បាន​ត្រូវ​ឃ្លាតឆ្ងាយ និង​ដោយសារ​នារី ទ្រី ស៊ា​ង​ម៉ី មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជា​ច្រើន​ផ្សេង​ទៀត​ធ្វើអោយ​គេ​កើត​ចិត្ត​ប្រចណ្ឌ ហើយក៏​បាន​បង្កើត​គណ​នី​ក្លែងក្លាយ​ជា​ឈ្មោះ​របស់​នារី ទ្រី ស៊ា​ង​ម៉ី ជា​ឪពុក និង​ជា​មិត្តភ័ក្ររ​បស់​នាង​ជា​ច្រើន​ទៀត ដើម្បី​វាយប្រហារ​ថ្នាក់ដឹកនាំ​កំពូលៗ ចេតនា​ដើម្បី​ទំលាក់កំហុស អោយ​នាង ទ្រី ស៊ា​ង​ម៉ី ព្រមទាំង​មិត្ត​ភក្កិ​ដៃគូរ​ស្នេហា និង​គ្រួសារ​របស់​នាង​។​

​បច្ចុប្បន្ន នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កំពុង​រៀបចំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​នេះ​ទៅ​តុលាការ​តាម​នីតិវិធី​។​

​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​នាយកដ្ឋាន​ជំនាញ​នគរបាល​បច្ចេក​វិទ្យា បាន​ក្រើនរំលឹក​ដល់​អ្នកលេង​បណ្តាញ​សង្គម សូម​ប្រើប្រាស់​បណ្តាញ​សង្គម​ប្រកបដោយ​ក្រមសីលធម៌ ជា​ពិសេស​កុំ​ប្រើប្រាស់​បណ្តាញ​សង្គម​ធ្វើ​ជា​ទីលាន​បញ្ចេញ​កំហឹង​សងសឹក​ស្នេហា ដែល​នាំអោយ​អាប់អោន​ដល់​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ ហើយ​និង​កុំ​ព្យាយាម​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ប្រព្រឹត្ត​បទល្មើស ព្រោះ​មិន​អាច​គេចចេញ​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *