ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិមានសុខសន្តិភាពហើយក៍មានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។
នៅថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២០ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រុមការងារ សប្បុរសជនបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នង មាន០៣បន្ទប់ដែលបំពាក់តុកៅអីសិស្សនិងគ្រូនៅសាលាបឋមសិក្សាមេបុណ្យក្នុងឃុំមេបុណ្យស្រុកស្វាយអន្ទរ ខេត្តព្រៃវែងដែលជាអំណោយរបស់ លោកស្រីគីតាហារ៉ា មីយូមិដែលមានលោកត្សូណេជិណេហ្គីស្ហ៊ីជាតំណាងតាមរយៈលោក ហ៊ន់ ស៊ានហុងប្រធានអង្គការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស ហៅកាត់ TDO និងបានប្រគល់អណ្តូងទឹកស្នប់ខ្នាតធំចំនួន 5 ជាអំណោយរបស់កូនចៅក្រុមការងារតាមរយៈឯកឧត្តមបណ្ឌិត និងលោកជំទាវផ្តល់ជូនប្រជាពលរដ្ឋនៅភូមិព្រៃជ្រាំង ភូមិព្រៃរូង និងភូមិត្របែក ឃុំពានរោង និង ភូមិខ្សោកខាងជើង ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងព្រមទាំងជួយឧបត្ថម្ភថវិកា $1000 សំរាប់ជួសជុលដំបូលអគារសិក្សា ១ខ្នងនៃវិទ្យាល័យ ហ៊ុន សែន ស្វាយ អន្ទរ ឃុំស្វាយអន្ទរខេត្តព្រៃវែង។
ទន្ទឹមគ្នានោះដែរ ឯកឧត្តមបណ្ឌិត ក៏បានបំពាក់មេដៃ និងប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជននិងបាននាំយកអំណោយសប្បុរសធម៌ចែកជូន តាជីយាយជី, គ្រូបង្រៀន, សិស្សានុសិស្ស, យុវជនកាកបាទក្រហម,យុវជនកាយរិទ្ធ,យុវជន ស.ស.យ.ក, ប្រជាការពារភូមិ, សមត្ថកិច្ច, កងរាជអាវុធហត្ថ,ក្រុមប្រឹក្សាឃុំ, កងកម្លាំងយោធានិងនិវត្តន៍ជនជួបការលំបាកព្រមទាំងបាន ឧបត្ថម្ភកំព្យូទ័រនិងព្រីនធើ មួយកំប្លេជូនដល់សាលាមេបុណ្យ គិតជាថវិកាសរុបចំនួន$68,090 ដុល្លាអាមេរិក។
នៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតស៊ាងប៊ុនលាងបានថ្លែងថាៈសូមបងប្អូន ប្រជាពលរដ្ឋនិងក្មួយៗសិក្សានុសិស្សត្រូវនាំគ្នាថែទាំសុខភាពឲ្យបានល្អដើម្បីទប់ស្គាត់ការរាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ ហើយស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដែលបានណែនាំឲ្យយើងលាងដៃដោះនិងសាប៊ូ.ជែល.ពាក់ម៉ាស់.ពាក់ក្រម៉ានិងមិននៅប្រមូលផ្តុំគ្នាច្រើន ៕