(បន្ទាយមានជ័យ) ៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សា ផ្ទាល់ ស ម្តេ ចតេជោ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង , ព្រមទាំងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយកអំណោយ និងថ្នាំពេទ្យ មកជួយដល់ពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងដែលបាននិងកំពុងធ្វើឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋរស់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យចំនួន៣០០គ្រួសារ ។
សកម្មភាពមនុស្សធម៍នេះ បានធ្វើឡើងនៅថ្ងៃ ១៨ ខែ តុលា ឆ្នាំ ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីក្រុមមន្ត្រីនៃលេខាធិការដ្ឋានគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីហែរហមជាច្រើននាក់ផ្សេងទៀតផងដែរ ។
ស្ថិតនៅក្នុងពិធីប្រគល់អំណោយមនុស្សនេះឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ប្រាប់ពលរដ្ឋពីតម្លៃនៃសន្តិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា តស៊ូប្រឹងប្រែងយកជីវិតទៅប្ដូរដើម្បីសុខសន្តិភាព មានការអភិវឌ្ឍន៍ ការរីកចំរើន តាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ។ បានរំដោះប្រជាជនពីរបបអាវខ្មៅ ដែលបានធ្វើបាបប្រជាពលរដ្ឋ ប៉ុន្តែចាប់តាំងពីការដឹកនាំរបស់គណបក្សប្រជាជនមក កម្ពុជាយើងឃើញមានការផ្លាស់ប្ដូរមុខមាត់យ៉ាងធំធេង ពីប្រទេសក្រីក្រ ឥលូវប្រែក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ ប្រជាជនមានជីវភាពធូរធារកាន់តែច្រើនឡើងៗ ។
ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ផងដែរថា ” ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា ” ដែលតែងតែគិតគូរយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ ឬកាន់សាសនាអ្វីឡើយ ពោលគឺជួយគ្រប់ប្រជាពលរដ្ឋទាំងអស់
ដែលរងគ្រោះទោះនៅទីណាក៍ដោយ ។
ឯកឧត្តមក៍បានផ្ដាំផ្ញើរឲ្យពលរដ្ឋដែលកំពុងរងគ្រោះ សូមរក្សាអនាម័យឲ្យបានល្អ ដោយត្រូវអនុវត្តន៍តាមវិធានការកូវីដ-១៩របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដ្បិតរាជរដ្ឋាបាលកម្ពុជា បានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់មែនពិត ប៉ុន្តែសូមពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងសូមចួលរួមគោរពច្បាប់ចរាចរឲ្យបានខ្ចាប់ខ្ចួន ។
គួរជម្រាបជូនថា សកម្មភាពមនុស្សធម៍នេះ ទទួលបានការអបអរសាទរយ៉ាងពន់ពេកពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនឹងជំនន់ទឹកភ្លៀងនេះ ហើយក៍បានលើកម្រាមដៃ១០ប្រណមអរគុណដល់សម្ដេចតេជោហ៊ុន សែន ,សម្ដេចកិត្តិព្រឹទ្ធសបណ្ឌិត ,សម្ដេចក្រឡាហោម ស ខេង , និងឯកឧត្តមស៊ាង ប៊ុនលាង ព្រមទាំងលោកជំទាវហ៊ុន ប៊ុនធឿន ដែលបានគិតគូរយកចិត្តទុកដាក់ជួយ ដល់ប្រជាជនគ្រប់ៗគ្នាដោយមិនរើសអើងឡើយ ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងឆ្នាំនេះ បានវាយលុកខេត្តបន្ទាយមានជ័យដែល
បណ្ដាលឱ្យមានផលប៉ះពាល់ដល់ពលរដ្ឋប្រមាណជា ១៥០០០គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងប៉ះពាល់កសិផលជាច្រើនផ្សេងទៀតផងដែរ ៕