នារសៀលថ្ងៃទី១៦ ខែតុលានេះក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញអមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមនិងនាយទាហានជាន់ខ្ពស់នៃ ខ.ភ.ម ជាច្រើនរូបទៀត។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅសង្កាត់ព្រែកជ្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្ដេចពិជ័យសេនា បានលើកឡើងថា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា គឺជាទុក្ខលំបាករបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាមួយគ្នានេះសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវការកោតសរសើរចំពោះកង កម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ព្រមទាំងអាជ្ញាធរដែន រាជធានីភ្នំពេញ ដែលខិតខំពុះពារជំនះគ្រប់ការលំបាកក្នុងការចុះជួយអន្តរាគន៍សង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលនេះ។ សម្ដេចពិជ័យសេនា បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំង អាចមានសត្វអសិរពិសផ្សេងៗ ចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត ការពារប្រុងប្រយត្ន័ក្មេងតូចៗកុំឱ្យលេងទឹក និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់អគ្គីភ័យ ឆក់ខ្សែភ្លើង។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញដល់អាជ្ញា ធរដែនដី និងដល់កងកម្លាំងជួយសង្គ្រោះទាំងអស់ ពិសេសកងយោធពលខេមរភូមិន្ទ បន្តយកចិត្តទុកដាក់ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលឈរជើងជាប់ជាប្រចាំនៅ
តំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានអះអាងថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋ ជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។
ឯកឧត្តម អភិបាលរាជធានី បានបញ្ជាក់ថា ផែនការទី១ នៃការសង្គ្រោះប្រជាពលរដ្ឋកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានរួមដៃគ្នាអនុវត្តទទួលបានជោគជ័យ និងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់។ ពលរដ្ឋដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះ រួមមាន នៅខណ្ឌកំបូល, ពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដែលរងគ្រោះច្រើនជាងគេ៕