ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំគណៈស្នងការ នាំយកអាវភ្លៀងជាអំណោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំនួន ១២៦នាក់ ។
លោកឧត្ដមសេនីយទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានសម្ដែងសេចក្ដីរីករាយដែលបានជួបសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋានកៀនស្វាយ និងថ្លែងអំណរគុណចំពោះស្មារតីទទួលខុសក្នុងតួនាទីភារកិច្ចរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋកន្លងមក ។ ជាពិសេស ដែលកងកម្លាំងទាំងអស់បានលះបង់ទាំងកម្លាំងកាយចិត្តពេលវេលាពីគ្រួសារ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានចូលរួមធ្វើបុណ្យធ្វើទានក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រកបដោយសេចក្ដីជ្រះថ្លា ផ្សារភ្ជាប់នឹងសន្តិសុខយ៉ាងល្អប្រសើរ។
ក្នុងឱកាសនោះ ដែរ លោកស្នងការ ក៏បានលើកឡើងនូវអនុសាសន៍ផ្ដាំផ្ញើពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដោយជំរុញឱ្យកងកម្លាំងទាំងអស់បន្តស្មារតីទទួលខុសត្រូវសាមគ្គីផ្ទៃក្នុង គោរពស្រឡាញ់ពីលើដល់ក្រោម ពីក្រោមឡើងលើ ប្ដេជ្ញាការពារសន្តិភាព ស្ថេរភាពសង្គម ។ ក្រៅពីនេះ កងកម្លាំងត្រូវអនុវត្តឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាស្នូលនៃសន្តិសុខមូលដ្ឋាន។
ក្រៅពីអាវភ្លៀងដែលជាអំណោយឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការ នគរបាលជាតិ លោកស្នងការ ក៏បានប្រកាសផ្ដល់ម៉ូតូក្នុងមួយ
អធិការដ្ឋានចំនួន១៣គ្រឿង (នឹងប្រគល់នៅពេលក្រោយ) ថវិកាមួយចំនួនពីលោកអភិបាលស្រុក និងសប្បុរសជនមួយចំនួនទៀត។