(កណ្ដាល) ៖ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត បាននាំយកអាវភ្លៀងដែលឧបត្ថម្ភដោយនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួនជិត២០០អាវ ,ម៉ូតូចំនួន៦គ្រឿង ព្រមទាំងថវិការមួយចំនួនបានឧបត្ថម្ភ ដោយឧកញ៉ា ភឿន ផល្លា ដល់មន្ត្រីនគរបាលស្រុកល្វាឯមជិត២០០នាក់ នារសៀលថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឯអធិការដ្ឋាននគរបាលស្រុកល្វាឯម ដោយមានការចូលរួមពីលោក កន សុខកាយ អភិបាលស្រុកល្វាឯមផងដែរ ។
ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការបាននាំពាំការផ្ដាំផ្ញើរការសួរសុខទុក្ខ នឹករលឹកពីនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរ យល់ពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទទូទាំងប្រទេស ។
លោកឧត្តមសេនីយ៍ទោស្នងការក៍បានមានប្រសាសន៍ផ្ដាំផ្ញើរកងកម្លាំងទាំងអស់ ត្រូវរួមគ្នាសាមគ្គីគ្នា រួមគ្នាថែរក្សាសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ បង្ក្រាបឲ្យបាននូវរាល់រូបភាពអសន្តិសុខណាមួយ ក្នុងន័យស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ។ ហើយត្រូវថែទាំសុខភាពឱ្យបានល្អ ហើយចូលរួមផ្សព្វផ្សាយវិធានការកូវីដ-១៩ឱ្យបានដល់មូលដ្ឋានគ្រប់ច្រកល្ហក ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺនេះ ។
លោកឧត្តមសេនីយ៍ទោក៍បានកោតសរសើរកងម្លាំងនគរបាលស្រុកល្វាឯមដែលបានធ្វើការងារបានល្អនាពេលកន្លងមក ហើយទទួលបានការកោតសរសើរពីពលរដ្ឋក្នុងមូលដ្ឋានជាហូរហែរមក ហើយលោកក៍ជម្រុញបន្ថែមឱ្យកងកម្លាំងនគរបាលស្រុកល្វាឯមទាំងអស់ ត្រូវដាក់ចិត្ត ដាក់កាយធ្វើការងារឱ្យបានល្អឡើងៗ ពិសេសអនុវត្តន៍ឱ្យបានល្អបំផុតតាមគោលនយោបាយ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកស្នងការឈឿន សុចិត្ត ក៍បានកោតសរសើរទឹកចិត្តលោកអភិបាលស្រុកល្វាឯម លោក កន សុខកាយ ដែលបានឧបត្ថម្ភឡានមួយគ្រឿងនាពេលកន្លងមក ហើយក៍អរគុណដល់សប្បុរសជនលោក
ឧកញ៉ា ភឿន ផល្លា ផងដែរ ដែលបានឧបត្ថម្ភម៉ូតូចំនួន៥គ្រឿង ព្រមថវិការមួយចំនួន និងអរគុណក្រុមហ៊ុនមួយទៀតដែលឧត្តម្ភម៉ូតូ១គ្រឿង ជូនកងកម្លាំងផងដែរ ៕