កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ដ្រីរាជការ បានអញ្ចើញ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តពោធិ៍មាស ស្ថិតក្នុងឃុំ ពាមឧកញ៉ាអុង ស្រុកល្វាឯម ដោយបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ទេយ្យទាន និងបច្ច័យ មកបូជាចំពោះ ព្រះរតនត្រ័យ និងប្រគេនដល់ព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការ ទាំង៧សន្ដាន និងបុព្វបុរសជាតិ ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរយើង សប្បាយរីករាយនឹងការធ្វើបុណ្យ ធ្វើទាន គ្រប់រដូវកាល ដោយគ្មានការហាមឃាត់នោះទេ ពោលគឺដោយសារតែ ប្រទេសយើងមានសន្តិភាព មានការអភិវឌ្ឍប្រជាពលរដ្ឋមានជីវភាពធូរជា ដូច្នេះកត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងមានអ្វីគ្រប់សព្វបែបយ៉ាងដូចសព្វថ្ងៃនេះ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល បានបន្ថែមថា ការដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ដូច្នេះយើងទាំងអស់គ្នាគប្បីរួបរួមគ្នាខិតខំរក្សាសន្តិភាពមួយនេះឲ្យបាន ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយធំជាងគេ ក្នុងចំណោមពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង។
សូមបញ្ជាក់ថា ទេយ្យទាន និងបច្ច័យ ដែលឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ បានយកមកប្រគេនដល់ព្រះសង្ឃក្នុងពិធីនេះរួមមាន÷ អង្ករចំនួន១០បាវ ស្មើនឹង ៥០០គីឡូក្រាម ទឹកបរិសុទ្ធសុទ្ធ ១០កេស ទឹកក្រូច១០កេស មី១០កេស ត្រីខកំប៉ុង១០យួរ និងបច្ច័យកសាងចំនួន ១០លានរៀល និង៥១០$។ ដោយឡែកយាយជី តាជី និងពុទ្ធបរិស័ទ្ធ ចំនួន២០០នាក់ ឯកឧត្តម បានជូនថវិការក្នុងម្នាក់ៗ២ម៉ឺនរៀល ផងដែរ។