សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៩​កើត ខែ​បុស្ស ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​មិទ្ទីង​អបអរសាទរ​ខួប​លើក​ទី​៤៦ ទិវា​ជ័យជម្នះ ៧​មករា ១៩៧៩-២០២៥ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ រួមមាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​សរុប​ជាង ២​ម៉ឺន​នាក់ ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤៦​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា​» ដែល​ជា​ថ្ងៃ​ដ៏​វិសេសវិសាល សម្រាប់​ប្រជាជន​កម្ពុជា បាន​រួច​ជីវិត​ពី​រណ្តៅ​មរណៈ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ក្រោម​ការប្រយុទ្ធ​តស៊ូ​ដ៏​អង់អាច​ក្លាហាន​របស់​យុទ្ធជន និង​យុទ្ធ​នារី ដឹកនាំ​របស់​ឥស្សរជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​ជា​និមិត្តរូប​នៃ​ការផ្លាស់ប្តូរ ពោល​គឺ​ប្តូរ​ពី​ការលំបាក មក​ភាពងាយស្រួល សម្រាប់​ប្រជាជន​កម្ពុជា​។ រយៈពេល​ជាង​១៦​ខែ​កន្លងមកនេះ គេ​អាច​វាយតម្លៃ​បាន​ហើយ​សម្រាប់​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី គឺ​សម្រេច​បាន​សមិទ្ធផល​លើស​ការរំពឹងទុក ជាពិសេស​ការរក្សាបាន​នូវ​ស្ថេរភាព និង​សន្តិភាព​សម្រាប់​ប្រទេស និង​ប្រជាជន​។ ការដឹកនាំ​របស់​អ្នក​បន្តវេន គឺ​ពិតជា​មាន​ប្រសិទ្ធភាព​ល្អ​ជាង​អ្នក​ជំនាន់​មុន​។ សម្ដេច​បាន​បន្តទៀតថា ពាក្យ​ថា «​ក្មេង​មាន​កម្លាំង ចាស់​ស្គាល់ផ្លូវ​» មិន​គួរប្រើ​ទៀត​ទេ គួរប្រើ​ថា «​ក្មេង​មាន​កម្លាំង ស្គាល់​ផ្លូវ និង​ចាស់​មាន​បទពិសោធន៍​»​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្តែង​ការគោរព​ចំពោះ​ទឹកចិត្ត​ស្នេហា​ជាតិ​ដ៏​ជ្រាលជ្រៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ធ្វើ​សកម្មភាព​រួម​គ្នា​ក្នុង​មហា​ចលនា​ជាតិ ផ្តល់​ការគាំទ្រ​ពេញទំហឹង ដល់​គម្រោង​អភិវឌ្ឍន៍​ព្រែកជីក​ហ្វ៊ូណន​តេ​ជោ​, ការ​ដកខ្លួន​ពី​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍ CLV-DTA និង​ការបង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្តោយ​ព្រំដែន ដែល​បាន​ធ្វើឱ្យ​បរាជ័យ​នូវ ឧបាយកល​របស់​ពួក​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​ដែល​ប៉ុនប៉ង​ប្រើប្រាស់​បញ្ហា​ទាំងនេះ ដើម្បី បង្ក​អស្ថិរភាព​នយោបាយ និង​ការបែកបាក់​ជាតិ​។​

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ក្នុង​ស្មារតី និង​ជំហរ​ទទួលខុសត្រូវ​ខ្ពស់ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា កំពុង​បំពេញ បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​របស់ខ្លួន ប្រកប​ដោយ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ដើម្បី​ពន្លឿន​កិច្ចអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ជំរុញ​ការអនុវត្ត​កំណែទម្រង់​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​

​សម្ដេច​តេ​ជោបាន​បន្តទៀ​ត​ថា នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ នា​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជាប់ឆ្នោត​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ចាត់តាំង​នៃ​គណៈកម្មការ​កសាង​សន្តិភាព​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ ២០២៥-២០២៦ និង​បាន​អនុម័ត​សេចក្តីសម្រេច​សម្រាប់​ការចាកចេញ​របស់​កម្ពុ​ជា ពី​ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៩ ខាងមុខនេះ​។ ឈរ​លើ​មូលដ្ឋាន​តថភាព​នេះ​បានបញ្ជាក់​ច្បាស់​ថា ការសម្រេចចិត្ត​របស់ សម្ដេច និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការផ្ទេរ​អម្រែក​ដឹកនាំ​ទៅឱ្យ​អ្នកដឹកនាំ​វ័យក្មេង​បន្ត​វេន គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​ធានា​និរន្តរភាព​ជាតិ ធានា​សន្តិភាព និង​ការអភិវឌ្ឍ​យូរអង្វែង​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មាន​សរសើរ​បន្តទៀតថា ពិតមែន​រយៈពេល​៤៦​ឆ្នាំ បាន​កន្លងផុតទៅ​បន្ទាប់​ពី​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុន្តែ ស្មារតី​ជ័យជម្នះ​៧​មករា នៅតែ​មាន​ពន្លឺ​ចែងចាំង​ជានិច្ច​ក្នុង​ដួងចិត្ត​របស់​យើង និង​កំពុង​បន្ត​បំភ្លឺ​ផ្លូវ​យើង ដើម្បី​កសាង​អនាគត​កម្ពុជា​ដ៏​រុងរឿង​។​

៧​មករា​មាន​សត្រូវ​តែមួយ​គត់ គឺ​របប​ប្រល័យ​ពូជសាសន៍ ឥឡូវនេះ​របប​ដ៏​យង់ឃ្នង​នេះ​ត្រូវ រលាយ​បាត់​ហើយ ដូច្នេះ​ជន​ណា​ដែល​នៅតែ​ប្រឆាំង​នឹង ៧​មករា គឺជា​អ្នក​ដែល​ចង់​ឱ្យ​របប​ប្រល័យ​ពូជសាសន៍ និង​សង្គ្រាម​កើតឡើង​វិញ​នៅ​កម្ពុជា​។​

​ឆ្លងកាត់​ពេលវេលា​ជាង​៥០​ឆ្នាំ នៃ​ការបម្រើ​ជាតិ និង​ប្រជាជន​នៅក្នុង​ឱកាស​នេះ សម្ដេច​បាន​គូសបញ្ជាក់​សង្កត់ធ្ងន់​ថែម​ទៀត​ជូន​ជនរួមជាតិ​ថា រដ្ឋប្រហារ​ថ្ងៃ ១៨​មីនា ឆ្នាំ ១៩៧០ របស់​ពួក​លន់ នល់ តាម​ខ្សែ​ញាក់​របស់​បរទេស គឺជា​ឈ្នួន​នៃ ភ្លើងសង្គ្រាម​ពេញទំហឹង ដែល​បាន​ធ្វើឱ្យ​សន្តិភាព​ដែល​ខ្វះ​ស្ថិរភាព​នៅ​កម្ពុជា ត្រូវ​បាត់បង់​ទាំងស្រុង បង្ក​នូវ វិនាសកម្ម​ដល់​ជាតិ​ដែល​ពុំ​អាច​គណនា​បាន ហើយ​រុញច្រាន​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​ប្រល័យពូជសាសន៍​។​

​សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ច្បាស់​ណាស់​ថា បើ​គ្មាន​រដ្ឋប្រហារ​នេះ​ក៏​គ្មាន​របប​ប្រល័យ​ពូជសាសន៍​ដែរ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ​ក្នុង​សន្តិភាព ប្រជាជន​នឹង​មិន​ត្រូវ​ពួក​ឃាតករ​កាប់សម្លាប់​រង្គាល​នោះឡើយ​។​

​យើង​ប្តេជ្ញា​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​ដែល​នាំទៅរក​ការដណ្តើម​អំណាច​ដោយ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ ខណៈ​អំពើ​ប្រល័យពូជសាសន៍​ដែល​បង្កឡើង​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក ប៉ុល ពត គឺជា​តថភាព​ប្រវត្តិសាស្ត្រ​មួយ​។ រីឯ​ជ័យជម្នះ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​បាន​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ឱ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ គឺជា​តថភាព​ប្រវត្តិសាស្ត្រ​មួយទៀត​។​

​សម្ដេច​តេជោ​បាន​ស្នើ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​យកចិត្តទុកដាក់​ពង្រឹង​ការអនុវត្ត ច្បាប់​ស្តីពី​ការប្រឆាំង​ការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​។ សម្ដេច​តេជោ ហ៊ុន សែន យល់ថា វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​កសាង​ច្បាប់​ដែល​នឹង​កំណត់​ចំពោះ​ជន​ណា ឬ​ក្រុម​ណា​ដែល​មាន​គម្រោងការ ឬ​អំពើ​ឃុបឃិត​បង្កើត​ចលនា​ប្រឆាំង​ជ្រុលនិយម បង្ក​ភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្ក​ឱ្យ​មាន​ជម្លោះ​ជាមួយ​រដ្ឋ​ដទៃ និង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺជា​ភេរ​វករ ដែល​ត្រូវតែ​នាំ​ខ្លួន​យកមក​វិនិច្ឆ័យ​ទោស​ដើម្បី​ការពារ​សន្តិភាព​។​

​សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​ថា សន្តិភាព​នឹង​មិន​អាច​គង់វង្ស​បាន​យូរអង្វែង​ឡើយ ប្រសិនបើ​ពុំ​មាន​ការផ្សះផ្សា​ជាតិ យុត្តិធម៌ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​ទេ​នោះ​។ លើ​មូលដ្ឋាន​ជ័យជម្នះ ៧​មករា បាន​ធ្វើឱ្យ​កម្ពុជា ដែល​បាន​ធ្លាក់​ចេញពី​គន្លង​អភិវឌ្ឍន៍ ហើយ ត្រូវ​ដើរ​ថយក្រោយ​រាប់សិប​ឆ្នាំ​នោះ​កំពុង​បាន​ពង្រឹង និង​ពង្រីក​ខ្លួន​ឡើងវិញ ក្នុង​ជំហរ​ឈាន​ឆ្ពោះ​ទៅមុខ ស្រប​តាម​ក្រឹត្យក្រម​នៃ​អភិវឌ្ឍន៍​សង្គម ដែល​បាន​ផ្តល់​នូវ​មនុញ្ញផល​ដ៏​វិសេសវិសាល​ដល់​ប្រជាជន​គ្រប់ៗ​រូប ឱ្យ​រស់នៅ​ក្នុង​សន្តិភាព សេរីភាព សេចក្តីថ្លៃថ្នូរ និង​មាន​សេចក្តីសង្ឃឹម​ចំពោះ​អនាគត​។​

​សម្ដេច​តេជោ ហ៊ុន សែន សង្កត់ធ្ងន់​ថា ភាពជា​ម្ចាស់​របស់​ប្រជាជន លើ​ជោគវាសនា​ប្រទេសជាតិ គឺជា​កត្តា​សម្រេច​នូវ​ជ័យជម្នះ​របស់​ប្រជាជាតិ​យើង​។ សម្ដេច​និង​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល ស្ថិត​នៅ​ជាមួយ​ប្រជាជន​ជា​និច្ច និង​បន្ត​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​សេចក្តីសុខ​របស់​ប្រជាជន និង​វឌ្ឍនភាព​របស់ ប្រជាជាតិ​ខ្មែរ​។​

​សម្ដេច​តេ​ជោបាន​អំពាវនាវ​ដល់​អង្គកា​រចាត់​តាំង​គណបក្ស​គ្រប់​ថ្នាក់ មន្ត្រី សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​រូប បងប្អូន​ជនរួមជាតិ បណ្តា​គណបក្ស​នយោបាយ និង​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ពង្រឹង​ធ្លុង​មហា​សាមគ្គី​ជាតិ បន្ត​ការពារ​សន្តិភាព និង​ចូលរួម​សកម្ម​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ឱ្យ​សម្រេច​បាន​សមិទ្ធផល​ធំៗ​ថ្មីៗ​ច្រើន​ថែមទៀត ក្នុង​ឆ្នាំ ២០២៥​នេះ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *