នៅថ្ងៃពុធ ៧រោច ខែភទ្របទ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដោយមានការឯកភាពដោយ ឯកឧត្តម សេង ឈួន និងឯកឧត្តម ឯក រដ្ឋ ដោយដឹកនាំដោយ ឯកឧត្តម គឹម សាន់ សហការការដោយ ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្ត អភិបាលស្រុកបាភ្នំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង និងប្រធានស្ថានីយអ្នកលឿង បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ៣១១ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ថ្ម និងក្បឿង ចំនួន១៩គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ១៥គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៦តោន ដល់ ២១តោន។ ចំពោះរថយន្តដែលបានដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ២០តោនឡើងទៅ នឹងត្រូវពិន័យ និងរក្សារថយន្តទុកចាប់ពី ៣ខែ រហូតដល់ ១ឆ្នាំ ដែលអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ថ្នាក់ដឹកនាំក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។
កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង៣ល្ងាច និងបន្តនីតិវិធីពិន័យគ្រោងនឹងបញ្ចប់នៅម៉ោង៦ល្ងាច នៅថ្ងៃដដែល ៕