កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ
នគរបាលខេត្តកណ្តាល នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកាន់វេនបិណ្ឌទី៥ នៅវត្តប្រជុំនទី ក្រពើហាស្ថិតនៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ និងបានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវធ្វេសប្រហែសឡើយ។
លោកឧត្តមសេនីយ៍ទោស្នងការក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើររតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរ ដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នាហើយជាពិសេសចូលរួមទប់ស្កាត់ជំងឺកូវិដ១៩ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា ពាក់ម៉ាស់ រស់គម្លាតសង្គម លាងដៃនឹងអាល់កុល ជេល និងសាប៊ូឲ្យបានញឹកញាប់។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថាការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឲ្យ មាតា បិតា ញាតិកា ទាំង៧សន្តាន ដែលបានចែកឋានដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ ៕