នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lu Xiaolong ប្រធានក្រុមហ៊ុន Yunnan Investment Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួប លោក Lu Xiaolong បានគោរពរាយការណ៍ជូនសម្ដេចបវរអធិបតីអំពីវឌ្ឍនភាព នៃដំណើរការវិនិយោគរបស់ក្រុមហ៊ុន លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេល១ឆ្នាំកន្លងមក និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផងដែរ។ លោក Lu Xiaolong ក៏បានជម្រាបសម្តេចបវរធិបតី អំពីបំណងនៃការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា បន្ថែមទៀត លើវិស័យទេសចរណ៍ និងថាមពលស្អាត។
ជាការឆ្លើយតប សម្តេចបវរធិបតី បានអរគុណចំពោះរបាយការណ៍វឌ្ឍនភាពរបស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមិនត្រឹមតែបម្រើដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកនៅក្នុងការលើកកម្ពស់វិស័យឧស្សាហកម្មអាកាសចរនៅកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍មួយក្នុងតំបន់ផងដែរ។ បន្ថែមពីនេះ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីវិធានការ និងគោលនយោបាយលើកទឹកចិត្តមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចហើយ និងគ្រោងដាក់ចេញបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យអាកាសចរណ៍ បង្កើនការតភ្ជាប់ជើងហោះហើរ និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន សម្ដេចបវរអធិបតីបានលើកទឹកចិត្តឱ្យ ក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕