ក្រុមហ៊ុន Zhengzhou Chen’s Sun បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​ដំណាំ​ធុរេន​នៅ​កម្ពុជា

​នា​ព្រឹក ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកស្រី Xuemei Chen ប្រធាន និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Zhengzhou Chen’s Sun ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី​៨ នៅ​ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ក្នុង​ឱកាស​នេះ​ជំនួប លោកស្រី​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ថា លោកស្រី​ធ្លាប់​មក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ និង​ពិនិត្យឃើញថា កម្ពុជា​មាន​សក្ដានុពល​ខ្លាំង​ខាង​វិស័យ​កសិកម្ម ជាពិសេស​គឺ​ឧស្សាហកម្ម​ផ្លែឈើ (​ដំណាំ​ធុរេន​)​។ ដូច្នេះ លោកស្រី​ប្រធាន​ក្រុមហ៊ុន​មាន​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​ដំណាំ​ធុរេន និង​រោងចក្រ​កែច្នៃ ដើម្បី​នាំ​ចេញ​មក​កាន់​ទីផ្សារ​ប្រទេស​ចិន និង​ប្រទេស​ផ្សេងទៀត ដែល​នេះ​នឹង​ចូល​រួមចំណែក​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​លើកកម្ពស់​ជីវភាព​ប្រជាជន នៅ​កម្ពុជា​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី បាន​ស្វាគមន៍​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​លើ​ការវិនិយោគ​ខាង​វិស័យ​កសិកម្ម ជាពិសេស​ដំណាំ​ធុរេន នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា​មាន​សក្ដា​នុព​ល​លើ​ផលិតផល​កសិកម្ម​ច្រើន​ប្រភេទ ដែល​វិនិយោគិន​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ប្រកប​ដោយ​ភាព​ប្រកួតប្រជែង​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​ឱ្យ​បន្ត​ពិភាក្សា​លម្អិត និង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ក្នុងស្រុក សំដៅ​ប្រែក្លាយ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន ឱ្យចេញ​លទ្ធផល​ជាក់ស្ដែង ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *