សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ក្នុង​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​វត្ត​ពោធិ​គិរី​វង្សា​រាម ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

​នៅ​រសៀល​ថ្ងៃ​ចន្ទ ៤ កើត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មន្ត្រី ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ដង្ហែ​ទៅដល់​វត្ត​ពោធិ​គិរី​វង្សា​រាម ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ហើយ​។ ក្នុង​ទី​អារាម​វត្ត​ពោធិ​គិរី​វង្សា​រាម គឺ​មាន​បងប្អូន​ខ្មែរ​ក្រោម​យ៉ាងច្រើន​កុះករ​មក​រង់ចាំ​ទទួល​ស្វាគមន៍​ការអញ្ជើញ​មកដល់​របស់​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​មន្ត្រី​ថ្នាក់​ដឹកនាំ​សំខាន់ៗ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។

​អង្គ​កឋិនទាន​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ជា «​អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​» ព្រោះ​ជា​អង្គ​កឋិន​កើតឡើង​ដោយ​ការរួបរួម​ដ៏​អស្ចារ្យ​រវាង​ស្ថាប័ន​ពុទ្ធចក្រ និង​អាណាចក្រ ហើយ​អាណាចក្រ​ទៀតសោត គឺ​មាន​ការចូលរួម​ទាំង​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​។​

​តាម​កម្មវិធី​បុណ្យ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នឹង​ដង្ហែ​អង្គ​កឋិនទាន​ឆ្ពោះទៅ​ដល់​កាន់​វត្ត​ពោធិ​គិរី​វង្សា​រាម ក្នុង​ខេត្ត​ត្រា​វិញ ប្រទេស​វៀតណាម ហើយ​នឹង​ប្រារព្ធ​នៅ​ពិធី​សាសនា​តាម​ប្រពៃណី​ខ្មែរ​នៅ​វត្ត​នោះ​។
​លុះ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​រៀបចំ​ប្រគេន​យាគូ​ព្រះសង្ឃ​នៅ​វត្ត​ស្វាយ​សៀម​ថ្មី បន្ទាប់​មក​ដង្ហែ​អង្គ​កឋិនទាន​ប្រទក្សិណ​ជុំវិញ​ព្រះវិហារ និង​វេរ​ប្រគេន​អង្គ​កឋិនទាន​ដល់​ព្រះសង្ឃ​។​

​សូមជម្រាបថា នៅ​ខ្មែរក្រោម​មកដល់​ពេល​បច្ចុប្បន្ន​នេះ មាន​ទី​អារាម​រហូតដល់​ទៅ​៤៦១​វត្ត ដោយឡែក​នៅ​ខេត្ត​ត្រា​វិញ មាន​វត្ត​ចំនួន​១៤៣​វត្ត​។ បច្ច័យ​បាន​ពី​ពិធី​បុណ្យ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​នា​ពេល​នេះ ក្រៅពី​ប្រគេន​ដល់​វត្ត​ពោធិ​គិរី​វង្សា​រាម​ហើយ​នោះ ក៏​នឹង​ប្រគេន​ដល់​វត្ត​១៤២​ផ្សេងទៀត នៅក្នុង​ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *