​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ក្នុង​ពិធី​សូត្រមន្ត អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ដង្គែ​ទៅកាន់​វត្ត​ពោធិ​គិរីវង្សា​រាម ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

នៅ​រសៀល ថ្ងៃអាទិត្យ ៣​កើត ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​  ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មន្ត្រី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញ​ក្នុង​ពិធី​សូត្រមន្ត ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ដង្គែ​ទៅកាន់​វត្ត​ពោធិ​គិរីវង្សា​រាម ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិមាន​៧ មករា (​ស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​)​។​

​ពិធី​បែប​សាសនា​នៃ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ដង្ហែ​ឆ្ពោះទៅ​វត្ត​ខ្មែរក្រោម​នា​រសៀល​ថ្ងៃ​នេះ​ប្រព្រឹត្តទៅ​នៅ​វិមាន​៧​មករា ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សម្តេច​មហា​រដ្ឋសភាធិកា​របតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ព្រមទាំង​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត​។​

​ពិធី​បែប​សាសនា​នៃ​អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ដង្ហែ​ទៅកាន់​ខ្មែរក្រោម​នាពេលនេះ បាន​ប្រព្រឹត្តទៅ​តាម​លំដាប់លំដោយ​បែបបទ​ប្រពៃណី​របស់​ខ្មែរ​រួមមាន ពិធី​ក្រុង​ពាលី ពិធី​ចម្រើន​ព្រះ​បរិត្ត និង​ការសម្តែង​ព្រះ​ធម្ម​វិសេស​ទេសនា​ដោយ​សម្តេច​ព្រះ​វនរ័ត កិត្តិ​បណ្ឌិត ណ​យ ច្រឹក ព្រះសង្ឃ​នាយករង​ទី​២ នៃ​គណៈ​មហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អង្គ​កឋិនទាន​នេះ​ត្រូវបាន​ប្រសិទ្ធ​នាម​ជា​«​អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​» ព្រោះ​ជា​អង្គ​ឋិ​ន​កើតឡើង​ដោយ​ការរួបរួម​ដ៏​អស្ចារ្យ​រវាង​ស្ថាប័ន​ពុទ្ធចក្រ និង​អាណាចក្រ ហើយ​អាណាចក្រ​ទៀតសោត គឺ​មាន​ការចូលរួម​ទាំង​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​។​

​តាម​កម្មវិធី​បុណ្យ​បន្ទាប់​ពី​ការរៀបចំ​ពិធី​សាសនា​នា​រសៀល​ថ្ងៃ​នេះ​រួចរាល់​ហើយ​នោះ នៅ​វេលា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែវិច្ឆិកា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នឹង​ដឹកនាំ​ដង្ហែ​អង្គ​កឋិនទាន​ឆ្ពោះ​ទៅកាន់​វត្ត​ពោធិ​គិរី​វង្សា​រាម ហៅ​វត្ត​ស្វាយ​សៀម ដែល​គ្រោង​ដល់​វត្ត​នៅ​ពេល​រសៀល​។ លុះ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹង​រៀបចំ​ប្រគេន​យាគូ​ព្រះសង្ឃ​នៅ​វត្ត​ស្វាយ​សៀម​ថ្មី បន្ទាប់​មក​ដង្ហែ​អង្គ​កឋិនទាន​ប្រទក្សិណ​ជុំវិញ​ព្រះវិហារ និង​វេរ​ប្រគេន​អង្គ​កឋិនទាន​ដល់​ព្រះសង្ឃ​។​

​សូមជម្រាបថា នៅ​ខ្មែរក្រោម​មកដល់​ពេល​បច្ចុប្បន្ន​នេះ មាន​ទី​អារាម​រហូតដល់​ទៅ​៤៦១​វត្ត ដោយឡែក​នៅ​ខេត្ត​ត្រា​វិញ មាន​វត្ត​ចំនួន​១៤៣​វត្ត​។ បច្ច័យ​បាន​ពី​ពិធី​បុណ្យ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​នា​ពេល​នេះ ក្រៅពី​ប្រគេន​ដល់​វត្ត​ពោធិ​គិរី​វង្សា​រាម​ហើយ​នោះ ក៏​នឹង​ប្រគេន​ដល់​វត្ត​១៤២​ផ្សេងទៀត នៅក្នុង​ខេត្ត​ត្រា​វិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *