សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​យុវជន​អាស៊ី​នៅ​ឆ្នាំ ២០២៩

នា​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​២ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​ក្រសួង​អប់រំ យុវជន និង កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡា​ជាតិ និង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ រៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី ៤ និង កីឡា​ជាតិ​ជនពិការ លើក​ទី ២ នេះ​ឡើង ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការដាក់ចេញ​នូវ​វិធានការ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​កាយ និង កីឡា តាមរយៈ​ការបន្ត​ការជួសជុល​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ការធ្វើ​ប្រតិភូកម្ម​ការ​ងារ និង​ការផ្តល់​គាំទ្រ​ថវិកា​ដល់​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ធ្វើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជំនាញ​កីឡា និង​ការកែទម្រង់​ការប្រកួត​កីឡា ជាដើម​។ សមិទ្ធផល​ជាក់ស្តែង នៅ​ឆ្នាំ​២០២៣ ​កន្លងទៅ​ ​ខណៈពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ កម្ពុជា​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង ព្រមទាំង​ទទួលបាន​ការកោតសរសើ​រ​ពី​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ទាំង​លើ​ទិដ្ឋភាព​នៃ​ការរៀបចំ និង​ការទទួលបាន​មេដាយ​ពី​ការប្រកួត​សរុប​ចំនួន ២៨២ គ្រឿង ដោយ​ឈរ​លេខ​រៀង​ទី ៤ ក្នុង​ចំនួន ១១ ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ កម្ពុជា​ទទួលបាន​មេដាយ​សរុប ៧៣ គ្រឿង ដោយ​ឈរ​លេខ​រៀង​ទី ៨ ក្នុង​ចំនួន ១១ ប្រទេស ក្នុង​តំបន់​អាស៊ាន​។​

​សម្តេច​បវរ​ធិបតី បាន​លើកឡើង​ថា ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី ៤ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី ២ នេះ ជា​ឱកាស​ថ្មី​មួយទៀត ដែល​បាន​បង្ហាញ​អំពី​ការរីកចម្រើន និង​ការអភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា និង​ជា​ការត្រៀមខ្លួន​រួចរាល់​សម្រាប់​ការរៀបចំ​ការប្រកួត​កីឡា​យុវជន​អាស៊ី​លើក​ទី ៥ និង​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេម​លើក​ទី ៦ នៅ​ឆ្នាំ ២០២៩​។ ម្យ៉ាងវិញទៀត ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សង្គម ក៏ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់​មុខមាត់​ជាតិ ទីផ្សារ ពាណិជ្ជកម្ម និង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ជាដើម ដែល​នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​មួយ​ជំហាន​ទៀត​ក្នុង​ការបង្ហាញឱ្យឃើញ​នូវ​កម្លាំង​សាមគ្គីភាព​ជាតិ និង​កម្លាំង​សេដ្ឋកិច្ច កម្ពុជា​។​

​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​បវរ​ធិបតី បានបញ្ជាក់​ថា​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​យុវជន​អាស៊ី​នៅ​ឆ្នាំ ២០២៩ ហើយ​ការសម្រេច​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​អាច​ប្រព្រឹត្តទៅបាន គឺ​អាស្រ័យ​លើ​សមត្ថភាព​ពេញលេញ និង​ការ​កៀរគរ​ធនធាន​ចាំបាច់ និង គ្រប់គ្រាន់ សម្រាប់​រៀបចំ​ការប្រកួត​កីឡា​ថ្នាក់​តំបន់​អាស៊ី​ដ៏​ធំ​នេះ​ឱ្យបាន​ល្អ និង​រលូន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ហើយ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ សម្រាប់​ការប្រកួត​កីឡា យុវជន​អាស៊ី​ឆ្នាំ ២០២៩ កម្ពុជា មាន​មហិច្ឆតា​រៀបចំ​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រកប​ដោយ​ភាពកក់ក្តៅ បដិសណ្ឋារកិច្ច​ល្អ​ ​និង​សេវា​ល្អ សម្រាប់​គ្រប់​ប្រតិភូ​កីឡា និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ  ​ឱ្យ​ទទួលបាន​បទពិសោធ​ល្អ​ក្នុង​ការចូលរួម​ការប្រកួត​កីឡា​យុវជន​អាស៊ី​ឆ្នាំ ២០២៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *