​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម ឈី ឈឹង​សាន (QU Qingshan) សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ចូល​ចូលជួប​សម្ដែង​ការគួរសម​​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥ កើត ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម QU Qingshan សមាជិក​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុនីស្ត​ចិន និង​ជា​ប្រធាន​វិទ្យាស្ថាន​ប្រវត្តិសាស្ត្រ និង​អក្សរសាស្ត្រ​បក្ស នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ជួប​សម្តែង​ការគួរសម នៅ​វិមាន ៧​មករា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន ឯកឧត្តម ឈី ឈឹង​សាន (QU Qingshan) ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ ដែល​សម្តេច បាន​ចាត់ទុកថា​ជា​ការពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព​និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន រវាង​បក្ស​កុម្មុយនីស្ត​ចិន​និង​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​រវាង​ប្រជាជន​ចិន និង​ប្រជាជន​កម្ពុជា​។​

​សម្តេច ក៏​បាន​អរគុណ​ដែល​ឯកឧត្តម​នឹង​ធ្វើ​បទ​បង្ហាញ​ស្តីពី «​ប្រវត្តិ​១០០​ឆ្នាំ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​និង​បទពិសោធន៍​សំខាន់ៗ​របស់ខ្លួន​» ដើម្បី​ចែករំលែក​ដល់​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។​

​ឯកឧត្តម បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​អនុញ្ញាត​ឱ្យ ឯកឧត្តម​និង​គណៈប្រតិភូ ចូលជួប​សំដែង​ការគួរសម​ក្នុងឱកាស​ដែល ឯកឧត្តម​បំពេញ​ទស្សនកិច្ច​លើក​ទី​១​នៅ​កម្ពុជា ។ ឯកឧត្តម​ក៏បាន​ពាំនាំ​ជូន សម្តេច​តេជោ នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ស៊ី ជីន​ពីង អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​ចិន និង​បាន​បន្តថា សម្តេច គឺជា​អ្នកនយោបាយ​មួយរូប​ដែល​ទទួលបាន​ការគោរព​ជា​ខ្លាំង​នៅក្នុង​ប្រទេស​ចិន​។​

​ឯកឧត្តម​បាន​បន្ថែមថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​ប៉ិនប្រសប់​របស់​សម្តេច កម្ពុជា​អាច​សម្រេចបាន​នូវ​ការរីកចម្រើន​សង្គម​-​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ឯកឧត្តម​បាន​លើកឡើង​ថា​ទំនាក់ទំនង​

​កម្ពុជា​-​ចិន​គឺ​ជា​មិត្តភាព​ដែកថែប ដែល​យើង​គួរ​សហការ​និង​អនុវត្ត​បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ដែល​សម្តេច​តេជោ និង ឯកឧត្តម ស៊ី ជីន​ពីង បាន​ឯកភាពគ្នា​ដាក់ចេញ ដើម្បី​ជា​ផែនទី​ចក្ខុវិស័យ​ក្នុង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​សម្រេច​បាន​នូវ​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ប្រកបដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ ហើយ​ឆ្នាំ​នេះ​ផងដែរ គឺជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម ឈី ឈឹង​សាន បាន​លើកឡើង​ថា ថ្វី​ត្បិត​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​ឯកឧត្តម​ពិតមែន ប៉ុន្តែ ឯកឧត្តម​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការរីកចម្រើន​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ និង​បន្ត​មក​ដល់​សម្ដេច​ធិបតី គឺ​រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព សេរីភាព និង​ការអភិវឌ្ឍ​លើ​គ្រ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ ឯកឧត្តម​បង្ហាញ​ក្ដីសង្ឃឹម​ថា​កម្ពុជា​នឹង​បន្ត​ការរីកចម្រើន​ថែម​ទៀត​នៅ​ពេលនា​អនាគត​។​

​ឯកឧត្តម ឈី ឈឹង​សាន មានប្រសាសន៍ថា ឯកឧត្តម ស៊ី ជីន​ពីង បាន​ចាត់​បញ្ជូន​ឯកឧត្តម​ឱ្យ​ដឹកនាំ​គណៈប្រតិភូ ដើម្បី​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​ជា​កង្វល់​រួម​និង​ជា​ប្រយោជន៍​រួម​រវាង​បក្ស​និង​រដ្ឋ​។ គោល​ចម្បង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ជម្រាប​និង​ចែករំលែក​ពី​សេចក្តីសម្រេច​និង​សមិទ្ធផល​នៃ​កិច្ចប្រជុំពេញអង្គ​លើក​ទី​៣​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ កាលពី​ខែ​កក្កដា ឆ្នាំ​២០២៤ កន្លងទៅនេះ ដែល​ផ្តោត​សំខាន់​លើ​ការដាក់ចេញ​នូវ​គោលដៅ​និង​យន្តការ​កំណែទម្រង់​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​និង​ទំនើបកម្ម​តាមបែប​ចិន​។​

​ឯកឧត្តម បាន​កោតសរសើរ សម្តេច ចំពោះ​ការចូលរួមចំណែក​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ជា​ដៃគូ​ដ៏​គួរឱ្យ​ទុកចិត្ត​។ ឯកឧត្តម​បាន​បន្តថា ចិន​នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​មាគ៌ា​អភិវឌ្ឍន៍​របស់​កម្ពុជា​ស្រប​តាម​លក្ខខណ្ឌ​ជាតិ សុខសន្តិភាព និង​វិបុលភាព របស់​ប្រជាជាតិ​ទាំងមូល​។​

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ បាន​អរគុណ​ចំពោះ​ឯកឧត្តម​ដែល​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង និង​សូម​ផ្តាំផ្ញើ​សេចក្តី​នឹករលឹក​របស់ សម្តេច ទៅ ឯកឧត្តម ស៊ី ជីន​ពីង វិញ​ផង​។ សម្តេច ក៏​បាន​អបអរសាទរ​ចំពោះ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៣​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ និង​ការធ្វើ​ទំនើបកម្ម​របស់​ចិន ហើយ​សម្តេច​ក៏​បាន​បន្ត​ថា គ្មាន​ការសង្ស័យ​ឡើយ ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន​និង​ឯកឧត្តម ស៊ី ជីន​ពីង ចំពោះ​ការរីកចម្រើន​ឥតឈប់ឈរ​របស់​ប្រទេស​ចិន​។ សម្ដេច​តេជោក៏បាន​បន្ថែមថាផ​ង​ដែរ​ថា​គ្មាន​ការសង្ស័យ​ទេ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​កុម្មុយនីស្ត​ចិន និង​ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ចិន ស៊ី ជីន​ពីង ប្រទេស​ចិន​នៅតែ​ជា​ប្រទេស​ដែល​រឹងមាំ​ហើយ​មិនមែន​សម្រាប់​តែ​ចិន​ខ្លួនឯង​នោះ​ទេ​តែ​ក៏​សម្រាប់​តំបន់​ទាំងមូល​ផង​ដែរ​។​

​សម្តេច មានប្រសាសន៍ថា​ប្រទេស​យើង​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​ជា​ប្រវត្តិសាស្ត្រ​តាំងពី​សម័យ​ចេនឡា​បន្ត​មក​ដល់​សម័យ​បច្ចុប្បន្ន ហើយ​កម្ពុជា​នៅតែ​បន្ត​អនុវត្ត​គោលនយោបាយ​ដែល​មាន​រួចមកហើយ និង​ចាំបាច់​បន្ត​ពង្រឹង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ ការកសាង​សហគមន៍​វាសនា​រួម កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​សម្តេច​បាន​សង្កត់ធ្ងន់​ថា ជំនួយ​របស់​មិត្ត​ចិន​មិន​ត្រឹមតែ​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ប៉ុណ្ណោះ​ទេ តែ​បាន​ជួយ​ពង្រឹង​ឯករាជ្យភាព​របស់​កម្ពុ​ជា​ផងដែរ ដែល​តម្រូវ​ឱ្យ​យើង​មាន​ភាពចាំបាច់​ក្នុង​ការជំរុញ​មិត្តភាព​មួយ​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​ក៏​បាន​អរគុណ​មិត្ត​ចិន​ដែល​បាន​ផ្តល់​ជា​កញ្ចប់​ជំនួយ​ដល់​កម្ពុជា ក្នុងជំនួប​ទ្វេភាគី​រវាង​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ឈាង នា​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤៤ និង​៤៥ នៅ​ប្រទេស​ឡាវ​នាពេល​ថ្មីៗ​នេះ​។ សម្តេច ក៏បាន​លើកឡើង​ពី​អត្ថប្រយោជន៍​យ៉ាង​សំខាន់​ចំពោះ​ទំនាក់ទំនង​អាស៊ាន​-​ចិន ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន គួរតែ​ត្រូវបាន​ជំរុញ​បន្ថែមទៀត​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​ឱ្យ ឯកឧត្តម ប្រធាន​គណៈប្រតិភូ ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ​ទុក្ខ និង​ការ​នឹករលឹក ជូន​ចំពោះ​ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​ចិន ស៊ី ជីន​ពីង និង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​សង្ឃឹមថា​នឹង​បាន​ជួប ឯកឧត្តម ស៊ី ជីន​ពីង នាពេល​ខាងមុខ​នេះ​។​

​សម្ដេច​តេជោ បាន​ជូនពរ ឯកឧត្តម ឈី ឈឹង​សាន និង​គណៈប្រតិភូ សូម​ប្រកប​ជោគជ័យ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *