ខេត្តកណ្តាល ៖ ថ្ងៃសៅរ៍០៤កើតខែ ភទ្របទឆ្នាំ ជូត.ទោស័កព.ស ២៥៦៤ត្រូវនឹងថ្ងៃទី ២២ខែសីហាឆ្នាំ ២០២០វេលាម៉ោង ១១ និង ២០នាទី ចំណុចកើតហេតុម្តុំផ្សារព្រែកថ្មីភូមិកំពង់ស្វាយ ២ ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជាម្ចាស់រថយន្ត០១នាក់ ឈ្មោះ រ៉ុម សុខកុល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរបើកឡាន មានទីលំនៅភូមិព្រែកប៉ានឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន) ឈ្មោះសន រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ មានទីលំនៅភូមិកំពង់ស្វាយ ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ វត្ថុតាងចាប់យកមាន បំណែកចានគោមជាច្រើនបំណែក។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះបានបើករថយន្តដឹកខ្សាច់ ទិសដៅពីស្រុកស្អាងទៅភ្នំពេញ គោលបំណងទៅយកខ្សាច់ដាក់តាមដេប៉ូ ។ ពេលមកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែឃើញ ជនសង្ស័យបានកាន់ចានគោម (ចានថ្ម) គប់មកលើរថយន្តជនរងគ្រោះបណ្តាលអោយបែកកញ្ចក់ខាងឆ្វេងមួយចំហៀងរួចបានដើរចូលផ្ទះរបស់ខ្លួនហើយជនរងគ្រោះបានជិះរថយន្តបង្ហួសមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កំលាំងសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ និងផ្ទះជនសង្ស័យ ហើយបាននាំខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគប់រថយន្តរបស់ជនរងគ្រោះ បណ្តាលអោយបែកកញ្ចក់ប្រាកដមែន ។ ក្រោយពីសួរនាំរួច មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី។