​សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Woo Won-Shik ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង

នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អ៊ូ វ៉ន់​ស៊ី​ក (Woo Won-Shik) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​វិមាន​រដ្ឋ​សភា​សាធារណរដ្ឋ​កូរ៉េ​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម Woo Won-Shik ប្រធានរដ្ឋសភា​កូរ៉េ បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ ជាពិសេស​គឺ​បាន​អញ្ជើញ​មក​វិមាន​រដ្ឋ​សភា​កូរ៉េ​។ ប្រធានសភា​កូរ៉េ បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ដ៏​យូរ ដែល​នាំ​កម្ពុជា​សម្រេចបាន​សុខសន្តិភាព និង​ការរីកចម្រើន​។ ឯកឧត្តម​បាន​អបអរសាទរ​ជាថ្មី​ចំពោះ សម្ដេច​តេជោ ដែល​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​ព្រឹទ្ធសភា​។​

​ឯកឧត្តម អ៊ូ វ៉ន់​ស៊ី​ក ក៏​បាន​សម្ដែង​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដោយ​ឯកឧត្តម​បានដឹងថា សម្ដេច​តេជោ បាន​ចូលរួមចំណែក​យ៉ាងច្រើន នៅក្នុង​ការកសាង​ទំនាក់ទំនង​រវាង​សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជា ដោយ​បាន​ស្ដារ​នូវ​ទំនាក់ទំនង​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៧​។ ឯកឧត្តម​សង្ឃឹមថា ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហការ​រវាង​ប្រតិបត្តិការ​រវាង​សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជា​នឹង​កាន់តែ​រីកចម្រើន​ច្រើន​ថែមទៀត​នៅពេល​អនាគត​។​

​ឯកឧត្តម​ប្រធានរដ្ឋសភា​កូរ៉េ បាន​ជម្រាប​សម្ដេច​ផងដែរ​ថា កម្ពុជា​បាន​បង្កើតឡើង​ហើយ​ក្រុម​មិត្តភាព​ព្រឹទ្ធសភា និង​រដ្ឋ​សភា​កម្ពុជា ជាមួយ​សភា​នៃ​សា​ធាណ​រដ្ឋ​កូរ៉េ ហើយ​ឯកឧត្តម​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ការបង្កើត​ក្រុម​មិត្តភាព​នេះ​ឡើង ខណៈ​កូរ៉េ សន្យាថា​នឹង​បង្កើតឡើង​នៅ​ពេល​ឆាប់​ឆាប់​ខាងមុខនេះ ។ ជាមួយគ្នានេះ ឯកឧត្តម​បាន​សម្ដែង​ការពេញចិត្ត និង​រីករាយ​ចំពោះ​ការកើនឡើង​នូវ​ទំនាក់ទំនង​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជា មាន​ការកើនឡើង​យ៉ាង​ខ្លាំង​។ ការបង្កើត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កន្លងមកនេះ បាន​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល សម្រាប់​ក្រុមហ៊ុន​កូរ៉េ​ប្រមាណ​ជាង​២០០ បាន​ទៅ​ចូលរួម​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​កន្ល​ង​មក​។​

​ឯកឧត្តម​ប្រធានរដ្ឋសភា​កូរ៉េ ក៏​បាន​ស្នើសុំ​សម្ដេច​តេជោ និង​រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ និង​សម្រួល​ដល់​ការវិនិយោគ​របស់​ប្រទេស​កូរ៉េ​ផង​ដែរ ដើម្បី​អាច​មាន​លទ្ធភាព និង​ពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​ថែម​ទៀត​។ ការឯកភាព​គ្នា​បង្កើត តំបន់​សេដ្ឋកិច្ច​ពិសេស សម្រាប់​ក្រុមហ៊ុន​កូរ៉េ ដែល​បាន​ព្រមព្រៀង ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត កាលពីពេល​កន្លង​មក​នេះ ខាង​ភាគី​កូរ៉េ​នឹង​រៀបចំ​បង្កើត​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ឱ្យ​ចេញ​ជា​រូបរាង​។​

​ជាមួយគ្នានេះ កូរ៉េ​នឹង​បន្ត​ដើរតួនាទី​សំខាន់ ក្នុង​ការផ្តល់​នូវ​គម្រោង​អូ​ឌី​អេ ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន និង​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារ KOICA របស់​កូរ៉េ ក៏​បាន​ការចូលរួមចំណែក​ក្នុង​ការដោះមីន និង​គម្រោង​ជា​ច្រើន​ទៀត នៅពេល​បច្ចុប្បន្ន​ក៏ដូចជា​នៅពេល​អនាគត​។ ឯកឧត្តម​ប្រធានរដ្ឋសភា​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​រីករាយ​ផងដែរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​នា​នា ដែល​រួមចំណែក​នៅក្នុង​កិច្ចសហប្រតិបត្តិការ​លើ​ពិភពលោក ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ដើម្បី​ការប្រែប្រួល​អាកាសធាតុ ដែល​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​ខិតខំ​យ៉ាង​ច្រើន ហើយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បាននិងកំពុង​គាំទ្រ​លើ​គម្រោង​របស់​កម្ពុជា ក្នុង​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​សកម្មភាព​នានា​ជុំវិញ​គម្រោង​មេគង្គ​កូរ៉េ​ផងដែរ​។​

​ឯកឧត្តម​ប្រធានរដ្ឋសភា​កូរ៉េ បាន​សម្តែង​នូវ​ការរីករាយ​ដោយ​ឃើញថា ទំហំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​មាន​ការកើនឡើង​វិញ បន្ទាប់​ពី​សម័យ​កូវី​ដ ដោយ​កម្ពុជា​មាន​ធម្មជាតិ​ស្រស់ស្អាត មាន​ប្រាសាទបុរាណ​ជាពិសេស គឺ​ប្រាសាទអង្គរវត្ត​។ ឯកឧត្តម​បញ្ជាក់ថា ឯកឧត្តម​បាន​ខិតខំ​សម្រួល​យ៉ាងណា លើកលែង​សេវា​ទេសចរណ៍​ជា​ក្រុម សម្រាប់​ប្រជាជន​កម្ពុជា មកកាន់​ប្រទេស​កូរ៉េ​ផង​ដែរ ហើយ​សង្ឃឹមថា ទំហំ​ទេសចរ​ទៅវិញទៅមក​នឹង​មាន​ការកើនឡើង​។ បន្ថែម​ពី​នេះ ឯកឧត្តម​បាន​ជម្រាប​សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា​ដែរថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ខិតខំ​សម្រួល និង​ការពារ​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​សា​ធាណ​រដ្ឋ​កូរ៉េ​ប្រមាណ​ជា​៦​ម៉ឺន​នាក់ ដោយ​កែសម្រួល​លម្អ​លក្ខខណ្ឌ​ការងារ​ប្រកបដោយ​សុវត្ថិភាព និង​ការពារ​ពលករ​ទាំងនោះ​ឱ្យបាន​ត្រឹមត្រូវ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានរដ្ឋសភា​កូរ៉េ ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ជា​លើក​ដំបូង​ក្នុង​ឋានៈ​ជា អង្គការនីតិបញ្ញត្តិ​។ សម្តេច​តេជោ ក៏​បាន​អបអរសាទរ ឯកឧត្តម អ៊ូ វ៉ន់​ស៊ី​ក ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​សភា​កន្លងមកនេះ​។ សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រធាន​រដ្ឋសភា​កូរ៉េ ដែល​បាន​លើកទឹកចិត្ត​ឱ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ក៏​បាន​សម្តែង​ការរីករាយ​ផងដែរ ចំពោះ​ទំនាក់ទំនង​កម្ពុជា និង​កូរ៉េ ដែល​ត្រូវបាន​លើកកម្ពស់​ដល់​ទំនាក់ទំនង​ដៃគូ​ជា​យុទ្ធសាស្ត្រ​។ សម្ដេច​បាន​រំឭក​ផងដែរ​ថា ការផ្តួចផ្តើម​ឱ្យមាន​ទំនាក់ទំនង​ឡើងវិញ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ពិតជា​មិន​ងាយស្រួល​ឡើយ ពោល​សម្ដេច​បាន​តស៊ូ​ស្វិតស្វាញ និង​ខិតខំ​ធ្វើឲ្យ​ទំនាក់ទំនង​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក​ធ្វើឲ្យ​ទំនាក់ទំនង​នេះ មាន​ប្រក្រតីភាព​ឡើងវិញ ហើយ​រហូត​មកដល់ពេលនេះ​មាន​ការរីកចម្រើន​ទាំង​ក្នុង​វិស័យសេដ្ឋកិច្ច និង​នយោបាយ​។ សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​មោទនភាព​ថា សម្ដេច​ផ្ទាល់​បាន​រួមចំណែក ដល់​ការបង្កើត​នូវ​ទំនាក់ទំនង​នេះ​ហើយ​ពេញចិត្ត​ចំពោះ​ការរីកលូតលាស់ លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​។ ឆ្លៀត​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​រួមចំណែក និង​ជួយ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា មាន​ការរីកចម្រើនរ​ហូត​មកដល់​សព្វថ្ងៃនេះ​។ សម្តេច​តេជោ ក៏​មិន​ភ្លេច​ឱកាស​ក្នុង​ការសម្ដែង​ការដឹងគុណ ចំពោះ​សាធារណរដ្ឋ​កូរ៉េ ដែល​ពុំ​បាន​បិទ​ច្រក​ចេញចូល​ចំពោះ​កម្ពុជា នៅពេលដែល​មាន​ជំងឺ​រាតត្បាត​កូវី​ដ​១៩ ដោយ​រក្សា​ការហោះហើរ​ធម្មតា ហើយ​ដែល​ជា​ច្រកចេញ​សម្រាប់​ប្រជាជន​កម្ពុជា និង​ជនបរទេស​ចេញ​ចូល​ទៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្ដេច​បាន​ចាត់ទុកថា ការ​មិន​បិទ​ច្រក​ហោះហើរ​សម្រាប់​កម្ពុជា​ចេញ​ទៅ​ខាងក្រៅ​នេះ គឺជា​ប្រការ​មួយ​ល្អ​ប្រសើរ​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​មាន​ការរីកចម្រើន និង​យល់ដឹង​គ្នា​ច្រើន​ថែមទៀត​។ សម្តេច​តេជោ បាន​សម្ដែង​ក្ដីសង្ឃឹម​ថា តាមរយៈ​ការបើក​ព្រលាន​យន្តហោះ​ថ្មី​នៅ​សៀមរាប និង​គម្រោង​បើក​ព្រលាន​យន្តហោះ​ថ្មី​នៅ​ភ្នំពេញ នា​ឆ្នាំ​ក្រោយ​នេះ នឹង​ជួយ​ពង្រីក​ថែមទៀត​លើ​ទំហំ​ទេសចរណ៍​កាន់តែច្រើន​ថែម​ទៀត​។​

​សម្ដេច​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ​ដែល​បាន​ផ្តល់​ភាព​អនុគ្រោះ និង​សម្រួល​ដល់​ពលករ​កម្ពុ​ជា សម្រួល​លក្ខខណ្ឌ​ការងារ ដែល​ធ្វើឲ្យ​គេ​ស្នាក់នៅ​បំពេញការងារ ហើយ​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ បាន​នាំយក​ទៅ​ជាមួយ​នូវ​បច្ចេកទេស​ទំនើប​ទៅ​បង្កើត​ការងារ​នៅ​កម្ពុជា រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏បាន​លើកឡើង​ដែរ​ថា ប្រទេស​ទាំង​ពីរ​សា​ធាណ​រដ្ឋ​កូរ៉េ និង​កម្ពុជា ជា​ប្រទេស​ដន្លង​នឹង​គ្នា​ដោយ​ប្រជាជន​កម្ពុជា ជាពិសេស គឺ​ស្ត្រី​កម្ពុជា បាន​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ​ច្រើន​ប្រមាណ​ជា​៨,០០០​នាក់ ជីវិត​កូនចៅ​រហូតដល់​ទៅ​ប្រមាណ​ជា​៧៥,០០០​នាក់​។ សម្ដេច​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ផ្តល់ឱកាស​ឲ្យ​កូនចៅ​ពលរដ្ឋ​ទាំងអស់នោះ បាន​រៀន​ភាសា​ខ្មែរ និង​ភាសា​កូរ៉េ​ផង​ដែរ ដើម្បី​មាន​លទ្ធភាព​ក្នុងការ​ធ្វើ​ទំនាក់ទំនង​ទៅវិញទៅមក ក៏ដូចជា​រួមចំណែក​ក្នុង​ការជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ផង​ដែរ​។​

​ជាមួយគ្នានេះ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ជួយ​បណ្តុះបណ្តាល​កីឡាករ​កម្ពុជា ក្នុង​ការចូលរួម​ប្រកួត​ជាមួយ កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០២២​កន្លងមកនេះ ដែល​ក្នុងនោះ​ក៏​មាន​វត្តមាន​របស់​កីឡាករ​ស្នុកឃី ដ៏​ល្បី​របស់​កូរ៉េ​ជា​ជនជាតិ​ខ្មែរ​ផង​ដែរ​។ សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ និង​អបអរសាទរ​ចំពោះ​ការកើនឡើង​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ដែល​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​មាន​ការកើ​ន​ឡើង ហើយ​សូម​ថ្លែងអំណរគុណ និង​សូមឲ្យ​រដ្ឋាភិបាល​កូរ៉េ ជំរុញ​ឲ្យ​អ្នកវិនិយោគទុន​ច្រើន​ថែម​ទៀត​ទៅ​កម្ពុជា​។ បច្ចុប្បន្ន​នេះ​កម្ពុជា​មិន​គ្រាន់តែ​ឈាន​ដែល​ពីមុន​ជា​អ្នក​នាំចូល ឥឡូវ​នេះ​កម្ពុជា មានលទ្ធភាព​ក្នុង​ការផលិត​ដើម្បី​នាំចេញ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​រំឭកថា សម្តេច និង​ឯកឧត្តម មូន ជេ​អ៊ីន បាន​ពិភាក្សា​គ្នា និង​ជំរុញ​ឲ្យមាន​កិច្ចព្រមព្រៀ​ង​ពាណិជ្ជកម្ម​សេរី ហើយ​ពេលនេះ​រាជរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េ បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។ តាមរយៈ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​អាច​នឹង​ចេញ​ជា​រូបរាង ដែល​បង្ក​លក្ខណៈ​ឲ្យ​អ្នកវិនិយោគ​កូរ៉េ ទៅ​មក​វិនិយោគ​នៅ​កម្ពុជា មាន​ការកើនឡើង​សម្រាប់​ធ្វើ​ការកែច្នៃ និង​នាំ​ចេញ​មក​កូរ៉េ​វិញ​។ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ជម្រាប​ផងដែរ​ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​ខិតខំ​ការពារ​អ្នកវិនិយោគទុន​កូរ៉េ និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ធានា​នូវ​សុខ​សន្តិភាព​ជា​រួម​សម្រាប់​អ្នកវិនិយោគ​ពី​បរទេស​ទាំងអស់​។​

​សម្ដេច​ក៏​បាន​ថ្លែង​នូវ​ការអបអរសាទរ និង​ទន្ទឹងរង់ចាំ​ការស្ថាបនា​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ ដែល​នឹង​ឆ្លង​ទន្លេសាប និង​ទន្លេ​មេគង្គ ដែល​អាច​ចេញ​ជា​រូបរាង​នៅ​ពេល​ឆាប់ៗ​ខាងមុខ​។ ទន្ទឹមនេះ​ក៏​សូម​ថ្លែងអំណរគុណ​សាធារណរដ្ឋ​កូរ៉េ ដែល​កំពុង​បន្ត​ជួយ​ផ្លូវជាតិ​លេខ​៤៨, លេខ​២ និង​លេខ​២១​។​

​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការយកចិត្តទុកដាក់រ​បស់​សាធារណរដ្ឋ​កូរ៉េ ក្នុង​ការលើកកម្ពស់​កម្រិត​កិច្ចប្រជុំ​មេគង្គ​ជប៉ុន​ពី​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ទៅ​ជា​កិច្ចប្រជុំ​កំពូល​។ ប៉ុន្ដែ​សម្ដេច​បង្ហាញ​ការសោកស្ដាយ​ដែល​កិច្ចប្រជុំ​នេះ មិន​អាច​ប្រព្រឹត្តទៅបាន​ដោយសារ​បញ្ហា​មី​យ៉ាន់​ម៉ា​។ ទោះជា​យ៉ាងនេះ​ក៏ដោយ គម្រោង​នានា​ដែល​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ជប៉ុន ត្រូវ​បន្ត​ជា​ធម្មតា​មិន​ត្រូវឲ្យមាន​ស្ទះ​រាំង​ដោយសារ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​នោះទេ​។ សម្ដេច​គូសបញ្ជាក់ថា គម្រោង​មេគង្គ​ជប៉ុន​នានា បាន​ជួយ​ទាក់ទង​ទៅ​ដល់​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​នៃ​ការថែទាំ​ប្រទេស​នៅ​តាម​ដង​ទន្លេ ផ្នែក​អេកូ​ឡូ​ស៉ី​ផងដែរ​។ សម្ដេច​ក៏​បាន​ជម្រាប​ផងដែរ អំពី​ការលះបង់​អំណាច ហើយ​រៀបចំ​ឱ្មា​ន​ការផ្លាស់ប្តូរ មក​អ្នកជំនាន់ក្រោយ ដើម្បី​រក្សា​សុខ​សន្តិភាព ស្ថិរភាព​រយៈពេល​វែង​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​អញ្ជើញ​ឯកឧត្តម អ៊ូ វ៉ន់​ស៊ី​ក ប្រធានសភា​នៃ​សាធារណរដ្ឋ​កូរ៉េ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តាម​ពេលវេលា​សមស្រប​នៅពេល​ខាងមុខ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *