លោក នន្ទ សុខា សូមជម្រាបជូនសាធារណជននិងបណ្ដាញសង្គមFacebookឲ្យបានជ្រាបថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ម្ចាស់គណនីឈ្មោះ ព័ត៌មានសង្គម និងគេហទំព័រ www.khmershare.news ដែលបានធ្វើការចុះផ្សាយដោយដាក់ចំណងជើងថា<<ខំរកស៊ីតាំងពីបាតដៃទទេ៤០ឆ្នាំរហូតប្ដីក្លាយជាអ្នកធំប្ដឹងលែងប្រពន្ធទៅយកស្រីម៉ាស្សា>>។
ទាក់ទងនឹងករណីនេះលោក នន្ទ សុខា សូមជម្រាបជូនសាធារណជននិងបណ្ដាញសង្គមFacebookមេត្តាជ្រាបថា ការបែកបាក់នេះមានសាលក្រមចូលជាស្ថាពរលេខ ១២៨៤ ខ១ ល.ស.ព ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ត្រឹមត្រូវ។
ការចុះផ្សាយរបស់ម្ចាស់គណនីឈ្មោះ ព័ត៌មានសង្គម និងគេហទំព័រ www.khmershare.news គឺពុំមានមូលដ្ឋានច្បាស់លាស់នោះទេ ដោយបានប្រើប្រាស់នូវពាក្យពេចន៍អសុរោះ ខ្វះនូវសេចក្ដីថ្លៃថ្នូរ ប្រមាថមាក់ងាយមកដល់រូបលោក។
លោកបានបន្តថា ករណីនេះម្ចាស់គណនីឈ្មោះ Hoke Bory បានលុបព័ត៌មាននិងរូបភាពទាំងអស់ចេញអស់ហើយ នៅមុនពេលដែលលោកបានផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិជូនគាត់មុនសាលក្រមចូលជាស្ថាពរទៅទៀត។
ដោយឡែកចំពោះកូនស្រីឈ្មោះ នន្ទ កុសល ជាជនពិការមិនពាក់ព័ន្ធរឿងនេះទេ ហេតុអ្វីយករូបភាពគាត់មកចុះផ្សាយ ដោយមិនបានសាកសួរគ្រប់ភាគីទាំងអស់មុនចុះផ្សាយលើបញ្ហានេះទេ។
ជាមួយគ្នានោះដែរលោក នន្ទ សុខា បានបន្តឲ្យដឹងថា កូនប្រុសស្រីទាំងពីររបស់លោកបានចូលទៅខមិនដោយសំនូមពរឲ្យលុបព័ត៌មានមិនពិតនេះចេញដោយបានផ្ញើរទាំងសាលក្រមតាមឆាតទៅឲ្យកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ តែម្ចាស់គណនីនិងគេហទំព័រមិនព្រមលុបទេ។
លោកបានបន្តឲ្យដឹងទៀតថា លោកនៅតែបន្តជួយឧបត្ថម្ភដល់ការរស់នៅនិងមានការប្រាស្រ័យទាក់ទងគ្នាល្អរវាងឪពុកកូននិងម្ដាយតាមរយះប្រព័ន្ធទូរស័ព្ទ។
លោក នន្ទ សុខា ស្នើសុំឱ្យសាធារណជន អ្នកសារព័ត៌មាន បណ្ដាញសង្គម Facebook និងម្ចាស់គណនី ព័ត៌មានសង្គម និងម្ចាស់គេហទំព័រ www.khmershare.news ឈប់មានការយល់ច្រឡំបន្តទៀតជាមួយករណីនេះ៕