កណ្ដាល៖ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លោកជំទាវកិត្តិបណ្ឌិតសៀង
ចាន់ហេង និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំយុវជនសហភាពសហព័ន្ធយុវជនស្រុក មន្ត្រីរាជការសាលាស្រុក និងដោយមានការចូលរួមពីប្រជាការពារ មេភូមិ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ជាច្រើននាក់ បានចូលរួមធ្វើការដាំផ្កាក្រដាស ដើមជ្រៃក្រឹម នៅតាមទ្រូងផ្លូវ នៃផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកពញ្ញាឮ ដែលមានប្រវែងបណ្ដោយប្រមាណជាង១០ គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ឃុំកំពង់ហ្លួង ស្រុកពញាឮខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឲ្យដឹងថា ការដាំផ្កាក្រដាស និងដើមជ្រៃក្រឹម នៅលើទ្រូងផ្លូវជាតិលេខ ៥ នេះ គឺជាការដាំដើម្បីធ្វើការកែលម្អ សោភ័ណ្ឌភាពស្រស់ស្អាតនៅលើទ្រូងផ្លូវជាតិលេខ៥ ដើម្បីបង្កើតនូវបរិស្ថានធម្មជាតិរបស់យើងអោយបានស្អាតនៅតាមដងផ្លូវ ហើយឆ្លៀតក្នុងឱកាសនេះដែរ មន្ត្រីរាជការ យុវជនសសយកស្រុក និងប្រជាពលរដ្ឋ ក៏បានធ្វើការសម្អាតនៅបរិស្ថាននៅតាមដងផ្លូវជាតិលេខ ៥ នេះ ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើការបោះសំរាមចោលពាសវាលពាសកាល ក៏ដូចជាគំរូល្អសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការចូលរួមសម្អាតបរិស្ថាន បញ្ឈប់ការបោះសំរាមចោលពាសវាលពាសកាល និងចូលរួមលើកកម្ពស់សុភ័ណភាព នៅតាមដងផ្លូវនេះផងដែរ។
លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ ក្រុមប្រឹក្សាឃុំ ភូមិ និងប្រជាពលរដ្ឋ ត្រូវធ្វើការថែទាំ ស្រោចទឹក និងដាក់ជីជាប្រចាំ ដើម្បីឱ្យផ្កាក្រដាស និងដើមជ្រៃក្រឹមទាំងអស់នេះ ដុះលូតលាស់បានល្អ ប្រែក្លាយផ្លូវជាតិលេខ ៥ ពោរពេញទៅដោយភាពបៃតង និងមានផ្ការីកស្គុះស្គាយ។
សូមបញ្ជាក់ផងដែរថា ផ្កាក្រដាស និងដើមជ្រៃក្រឹម ដែលត្រូវបានដាំទាំងអស់ មានប្រមាណជាង ៥០០០ ដើម។