សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ៦ កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អ៊ី​ហ្គោរ៍ ទ្រី​ស​ម៉ាន់​(Igor Driesmans) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​។​

​ក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង គណៈប្រតិភូ និង បាន​អបអរសាទរ​ចំពោះ ឯកឧត្តម ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ថ្លែង​អរគុណ​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ដែល​អនុញ្ញាត​ឱ្យ ឯកឧត្តម និង​គណៈប្រតិភូ​បាន​ចូលជួប​សម្ដែង​ការគួរសម​នៅ​ពេល​នេះ និង​អបអរសាទរ​សម្ដេច​តេជោ​ដែល​បាន​ជាប់ឆ្នោត​ជា​ប្រ​ធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​បាន​លើកឡើង​ថា​សហភាព​អឺរ៉ុប និង​កម្ពុជា​មាន​ទំនាក់ទំនង​យូរអង្វែង ហើយ​មាន​កិច្ច​ព្រមព្រៀង​ជា​ច្រើន ជាពិសេស​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម ដែល​មាន​ទំហំ​ជាង​៥ ពាន់​លាន​អឺរ៉ូ​។ ឯកឧត្តម​បន្តថា ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​គណៈកម្មការ អឺរ៉ុប​មក​កម្ពុជា​កាល​ពី​ខែ​មីនា​កន្លងទៅនេះ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​ច្រើន ក្នុង​ការជំរុញ​ទំនាក់ទំនង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ការវិនិយោគ​នៅ​កម្ពុជា​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​កោតសរសើរ សម្ដេច​តេជោ ក្នុងពេលដែល​សម្ដេច​ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២ ប្រកប​ដោយ​ភាពជោគជ័យ​។ ឯកឧត្តម​បាន​កោតសរសើរ​សម្ដេច​តេជោ និង​កម្ពុជា​ដែល​មាន​ជំហរ​ឯករាជ្យ​នៅ​លើ​បញ្ហា​សង្គ្រាម​នៅ​អ៊ុ​យក្រែន និង​កោតសរសើរ​សម្ដេច​ក្នុង​ការប្រឹងប្រែងរ​កសុខ​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។ ក្នុងនាម​ឯកឧត្តម ជា​ប្រេសិត​ពិសេស​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា​ដែរនោះ ឯកឧត្តម​បាន​បញ្ជាក់​ពី​ការ​សារៈសំខាន់​នៃ​គុណ​តម្លៃ​នានា​ដូចជា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​លំហ​សេរីភាព​បញ្ជ្ច​ញ​មតិ សម្រាប់​សហភាព​អឺរ៉ុប និង ពី​ការស្វែងរក​ដំណោះស្រាយ​ដើម្បី​នាំ​មី​យ៉ាន់​ម៉ា​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។​

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ​បាន​សម្ដែង​នូវ​មោទនភាព ដែល​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ប្រមាណ​ជាង​៣០​ឆ្នាំ​កន្លងមកនេះ​។ ទំហំ​ពាណិជ្ជកម្ម ជំនួយ និង​ការវិនិយោគ​ផ្សេងៗ​ចេញពី​សហភាព​អឺរ៉ុប​បាន​នាំ​មក​ឱ្យ​កម្ពុជា​បាន​កសាង​ប្រទេស និង រើ​បម្រាស់​ខ្លួន ពី​ការ​ស្ថានការណ៍​លំបាក​បន្ទាប់ពី​ចេញពី​របប​ប្រល័យ​ពូជសាសន៍​។ សម្ដេច បន្តថា​កម្ពុជា​បាន​យកចិត្តទុកដាក់​ជា​ខ្លាំង ចំពោះ​ការលើកកម្ពស់​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ ជាមួយ​សហភាព​អឺរ៉ុប និង​អរគុណ​សហភាព​អឺរ៉ុប​ដែល​បាន​ជួយ​កម្ពុជា​ក្នុង​ការស្ដារ​ប្រទេសជាតិ​ឡើងវិញ​ក្រោយ​វិបត្តិ​ផ្សេងៗ ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានមនុស្ស និង​ការ​បោសសម្អាត​មីន​ជាដើម​។​

​សម្ដេច​តេជោ ក៏​បាន​រំលឹក​ផងដែរ​ថា យើង​មាន​ជំនួប​ពិគ្រោះ​យោបល់​ជា​ទៀងទាត់ ហើយ​កម្ពុជា​ជា​ប្រទេស​សម្របសម្រួល​រវាង​អាស៊ាន​និង​សហភាព​អឺរ៉ុប ។ ក្នុង​តួនាទី​ជា​ប្រទេស​សម្របសម្រួល​នេះ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ក្នុង​ឆ្នាំ​២០២១ ដោយ​ជោគជ័យ បើទោះបីជា តាម​ប្រព័ន្ធ Online ដោយសារ​តែ​ចំពេល​វិបត្តិកូ​វីដ​១៩ ក៏ដោយ​។ នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ ឯកឧត្តម Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ក៏​បាន​មក​បំពេញ​ទស្សនកិច្ច និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​នៅ​កម្ពុជា ហើយ សម្ដេច​តេ​ជោក៏​ធ្លាប់​បាន​អញ្ជើញ​ទៅ​ទីក្រុង​ព្រុច​សែល​ធ្វើ​ជា​សហប្រធាន​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​-​សហភាព​អឺរ៉ុប​ផងដែរ​។ លទ្ធផល​មួយ​នៃ​កិច្ចប្រជុំ​កំពូល​នេះ ផ្តោត​លើ​ការព្រមព្រៀង​រវាង​អាស៊ាន​និង​សហភាព​អឺរ៉ុប ក្នុង​ការចរចា​ឈានទៅ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា ជាមួយ​នឹង​គោលដៅ ធ្វើឱ្យ​តំបន់​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ ។ សម្តេច​តេជោ បាន​លើកទឹកចិត្ត​ឱ្យ ប្លុក​ទាំង​ពីរ​ខិតខំ​ធ្វើកា​រ​សម្រេច​កិច្ចព្រមព្រៀង​នេះ ដែល​មិន​ត្រឹមតែ​សំខាន់ សម្រាប់​ការទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ថែមទាំង មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ជាតិ​។​

​ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី សម្ដេច​តេជោ និង ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​ពិភាក្សា​អំពី​បញ្ហា​តំបន់ និង​បញ្ហា​អន្តរជាតិ​ដែល​មាន​ការយកចិត្តទុកដាក់​ដូចគ្នា​។ លើ​បញ្ហា​មី​យ៉ាន់​ម៉ា សម្ដេច​តេជោ និង​ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​សម្ដែង ការព្រួយបារម្ភ​ចំពោះ​សភាពការណ៍​កាន់តែ​ស្មុគស្មាញ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច សង្គម​។ សម្ដេច​តេជោ និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​ឯកភាពគ្នា​ថា ត្រូវ​មាន​ដំណោះស្រាយ​តាមរយៈ​ការចរចា​មួយ ដើម្បី​ឈាន​ទៅ​បញ្ចប់​ភាពទាល់ច្រក​នៅ​មី​យ៉ាន់​ម៉ា​។​

​សម្ដេច​តេជោ បាន​ប្តេជ្ញាចិត្ត​មិន​បោះបង់​ក្នុង​ការជួយ​ដល់​មី​យ៉ាន់​ម៉ា​ក្នុង​ដំណើរ​ស្វែងរក​សុខសន្តិភាព​នោះឡើយ ដោយ​ត្រូវ​មានការ​អំណត់​អត់ធន់​បន្តិច ដោយសារ​សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា នៅ​តែ​លំបាក​និង​ស្មុគស្មាញ​។ ចំណែកឯ​លើ​បញ្ហា​សង្គ្រាម​រុស្សី​និង​អ៊ុ​យក្រែន សម្ដេច​តេជោ និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​ឯកភាពគ្នា​ថា សង្គ្រាម​មិន​អាច​បញ្ចប់​ដោយ​សង្គ្រាម​បាន​ទេ ត្រូវ​មាន​ការចរចា​។ សម្ដេច​ក៏​កំពុង​តាមដាន​មើល​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​សន្តិភាព​អ៊ុ​យក្រែន នៅ​ទីក្រុង​ហ្សឺ​ណែ​វ ដែល​ពុំ​មាន​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​ក្រៅពី​អ៊ុយ​ក្រែន​ចូលរួម ជាពិសេស​រុស្ស៊ី​។​

​សម្ដេច​តេជោ និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ក៏​បាន​ពិភាក្សា​គ្នា អំពី​សភាពការណ៍​ជុំវិញ​ការបោះឆ្នោត​សភា​អឺរ៉ុប​ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ពេល​កន្លងទៅ​នេះ និង ផលវិបាក​នៃ​ការបោះឆ្នោត​នេះ​នៅក្នុង​ប្រទេស​អឺរ៉ុប​មួយចំនួន​ផង​ដែរ​។ សម្តេច​តេជោ និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប បាន​ឯកភាពគ្នា និង​បន្ត​ការពិភាក្សា​គ្នា​តទៅទៀត តាម​ពេលវេលា​សមស្រប​ណា​មួយ​នៅពេល​ខាងមុខ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *