ខួប​អនុស្សាវរីយ៍​នគរបាលជាតិ ៖ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា រម្លឹក​ស្នាដៃ​អតីត​ថ្នាក់ដឹកនាំ និង​កត់សម្គាល់​អំពី​ការប្រែប្រួល​របៀបរបប​ធ្វើការ ព្រមទាំង​ឥរិយាបទ​ជា​វិជ្ជមាន​របស់​មន្ត្រី​!

អបអរ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៩ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤! ក្នុង​ពិធី​ដែល​ប្រារព្ធ​ឡើង​យ៉ាង​មហោឡារិក នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៤ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​រម្លឹក​ដល់​គុណូបការៈ​បុព្វបុរស រៀមច្បង យុទ្ធជន យុទ្ធ​នារី នគរបាលជាតិ គ្រប់​ជំនាន់​ដែល​បាន​តស៊ូ​ឆ្លងកាត់​រាល់​ការប្រែប្រួល​ដ៏​ស្មុគ្រស្មាញ នៃ​និន្នាការ​សង្គម បង្កើតបាន​នូវ​សមិទ្ធផល​ជាច្រើន​ឥត​គណនា ដើម្បី​បុព្វហេតុ​សន្តិសុខ​ជាតិ និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន​។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​រម្លឹក​ចំៗ ឥស្សរជន​ជា​អតីត​ថ្នាក់ដឹកនាំ​សំខាន់ៗ រួមមាន ៖ សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ដឹកនាំ​គ្រប់គ្រង​កងកម្លាំង​នគរបាលជាតិ ឱ្យមាន​ការវិវឌ្ឍ​រីកចម្រើន ទាំង​គុណភាព សមត្ថភាព ជំនាញ​វិជ្ជាជីវៈ សម្រេចបាន​នូវ​បេសកកម្ម​ដ៏​ឧត្តុងឧត្តម​ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

​ក្នុងឱកាស​នោះ​ដែរ ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​បញ្ជាក់​ទៅ​កាន់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នគរបាលជាតិ ថា ទិវា​ខួប​អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្ត្រ លើក​ទី​៧៩ នៃ​ការចាប់បដិសន្ធិ​អង្គ​ប្រតិបត្តិ​ច្បាប់​នគរបាល​ជាតិ​កម្ពុ​ជា ដែល​ប្រសូត្រ​ចេញពី​ស្នា​ព្រះហស្ត​របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ហើយ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ នាពេលនេះ ក៏​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន និង​កំពុង​ឈរជើង​យ៉ាងរឹងមាំ ធ្វើដំណើរ​ប្រកបដោយ​ភាពស្វាហាប់ និង​ជា​ពិសេស​បាន​ត្រៀមលក្ខណៈ​គ្រប់បែបយ៉ាង ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា ក្រោម​ការដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។

​ទន្ទឹម​នឹង​បាន​រម្លឹក​ដល់​ស្នាដៃ​របស់​អតីត​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ជាតិ​គ្រប់​ជំនាន់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​ជា​អ្នកដឹកនាំ​បន្ត​វេន ក៏​បាន​បង្ហាញ​ការកត់សម្គាល់​អំពី​វឌ្ឍនភាព​ថ្មី​ក្នុង​ចំណោម​មន្ត្រីរាជការ និង​កងកម្លាំង​នៃ​ក្រសួងមហាផ្ទៃ ចាប់ពី​ដើម​នីតិកាល​ទី​៧ មក គឺ​ការប្រែប្រួល​របៀបរបប និង​ឥរិយាបថ​ធ្វើ​ការងារ ក្នុង​ការបំពេញ​តួនាទី​បម្រើ​សេវា​ប្រចាំថ្ងៃ ជូន​ប្រជាពលរដ្ឋ ជាពិសេស​ការ​ផ្ដោត​លើ​លើ​មូលដ្ឋាន​ដឹកនាំ​សម្អាតផ្ទះ​យើង របស់​សម្ដេច​ធិបតី ដែលនាំឱ្យ​មាន​ការពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច និង​លើកកម្ពស់​សមត្ថភាព​មន្ត្រីនគរបាល​ប៉ុស្តិ៍រដ្ឋបាល និង​ការបង្កើត​នូវ​បរិយាកាស​កក់ក្ដៅ មាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ សហការ​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​។​

​យ៉ាងណាក៏ដោយ ក្នុងស្ថានភាព​ពិភពលោក កំពុង​ជួប​បញ្ហា​ប្រឈា​ម​ជា​ច្រើន ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​សង្កត់ធ្ងន់ថា កងកម្លាំង​នគរបាលជាតិ មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ដោះស្រាយ​វិញ្ញាសា​ដ៏​ស្មុគស្មាញ​ទាំងនោះ ដើម្បី​ធានា​ឱ្យខាងតែបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។ ក្នុងចំណោម​អនុសាសន៍​សំខាន់ៗ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ណែនាំ​កងកម្លាំង​នគរបាលជាតិ​គ្រប់រូប​   ត្រូវ​បន្ត​លើកកម្ពស់​ឆន្ទៈ​ ​មនសិការ​ស្នេហា​ជាតិ ស្នេហា​វិជ្ជាជីវៈ និង​ខិតខំ​បញ្ចេញ​សកម្មភាព ឱ្យបាន​សស្រាក់សស្រាំ ដើម្បី​ចូលរួម​រក្សា​ការពារ​សុខសន្តិភាព និង​របៀបរៀបរយ​សង្គម​ឱ្យ​កាន់តែ​វិវ​ឌ្ឍ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​ភាពសុខដុមរមនា និង​វិបុលភាព​របស់​ជាតិ និង​ប្រជាជន​។​

​សូម​បញ្ជាក់​ជូន​ថា កងកម្លាំង​នគរបាលជាតិ បាន​ចូលរួម​ប្រកៀក​ស្មា​យ៉ាង​ជិតស្និទ្ធ ជាមួយ​កងយោធពល​ខេមរភូមិន្ទ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ការពារ​បាន​យ៉ាងរឹងមាំ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ធានា​ប្រក្រតី​កម្ម​ស្ថាប័ន​ជាតិ ធានា​សុវត្ថិភាព​ព្រះមហាក្សត្រ និង​ឥស្សរជន ថ្នាក់ដឹកនាំ​ប្រទេស ព្រមទាំង​ការរៀបចំ​ព្រឹត្តិការណ៍​នយោបាយ​ជាតិ អន្តរជាតិ ចាត់វិធានការ​ទប់ស្កាត់ និង​ប្រឆាំង មិន​ឱ្យ​កើតមាន​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន សកម្មភាព​វិឆ្ឆេតកម្ម វិទ្ធង្សនា បង្កចលាចល​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ឬ​ការ​ញុះញង់​ណាមួយ ដែល​បង្ក​ឱ្យមាន​អស្ថិរភាព​ក្នុង​សង្គម ព្រមទាំង​ធានា​ប្រក្រតីភាព​នៃ​សេវា​សាធារណៈ​មួ​យំ​នួន​ទៀត​។ នេះ​បើ​តាម​របាយការណ៍ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕​

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *