ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេសុី វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ចំណង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​!

​លទ្ធផល​ប្រកបដោយ​វិជ្ជមាន​នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ឥណ្ឌូណេសុី ត្រូវបាន​កត់សម្គាល់​ដោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុង​ជំនួប​ជាមួយ​ឯកឧត្ដម​បណ្ឌិត សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​ឥណ្ឌូណេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីកាេ​ក្រសួង​មហាផ្ទៃ​។​

​ក្នុងជំនួប​នោះ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​អបអរសាទរ​ចំពោះ​ឯកឧត្ដម​បណ្ឌិត ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា និង​អបអរសាទរ​ចំពោះ​លទ្ធផល​ជាច្រើន ដែល​ឯកអគ្គរដ្ឋទូត អាណត្តិ​មុនៗ​សម្រេចបាន ក្នុង​ការពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ឥណ្ឌូណេស៊ី អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។​

​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា ក៏​បាន​បង្ហាញ​ការជឿជាក់​ថា ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ឯកឧត្ដម​បណ្ឌិត សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ នឹង​បន្ត​គាំទ្រ និង​រួមចំណែក​ដល់​ការលើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ឥណ្ឌូណេស៊ី និង​ឥណ្ឌូណេស៊ី​-​អាស៊ាន ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​លើ​គ្រប់​វិស័យ​។​

​ឯកឧត្ដម​បណ្ឌិត សាន់​តូ ដា​ម៉ូ​ស៊ូ​ម៉ា​តូ បាន​អបអរសាទរ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​ត្រូវបាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជឿជាក់​ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្រសួង​មហាផ្ទៃ​កម្ពុជា នឹង​បន្ត​រក្សា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ប្រជាជន​នៃ​ប្រទេស​កម្ពុជា ។​

​ឯកឧត្ដម​បណ្ឌិត​អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សមត្ថកិច្ច​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​ផ្ដល់​កិច្ច​សហការ និង​យកចិត្តទុកដាក់​សម្រប​សម្រួល​ដល់​ការ​គាំពារ​ពលរដ្ឋ​ឥណ្ឌូណេស៊ី កំពុង​រស់​នៅ​កម្ពុជា​។​ ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ជាថ្មី​ម្ដងទៀត បាន​ជូនពរ​ឯកឧត្ដម​បណ្ឌិត​ឯកអគ្គរដ្ឋទូត និង​សហការី មាន​សុខភាព​ល្អ សុភមង្គល និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *