ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម ៣០​ឆ្នាំ របស់​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពិសេស​ការលើកកម្ពស់​សិទ្ធិមនុស្ស​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបង្ហាញ​ការចាប់អារម្មណ៍ និង​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​បេសកកម្ម​របស់​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) ប្រចាំ​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ ៣០​ឆ្នាំ មកនេះ ជាពិសេស​ការគាំទ្រ​លើ​ការអភិវឌ្ឍ​នូវ​ក្រប​ខណ្ឌ​ច្បាប់ ព្រមទាំង​ការផ្តល់​អនុសាសន៍​ល្អៗ​ពាក់ព័ន្ធ​ទិដ្ឋភាព​សិទ្ធិមនុស្ស ចំពោះ​សកម្មភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Roueida El Hage តំណាង​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ក្នុងជំនួប​នោះ ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស ស​ខា បាន​ថ្លែងអំណរគុណ OHCHR ដែល​បាន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ដៃគូ​ជាតិ និង​អន្តរជាតិ​ដទៃទៀត​នៅ​កម្ពុជា ដើម្បី​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស សំដៅ​គាំទ្រ​ដល់​ការពង្រឹង​សន្តិភាព និង​ដំណើរការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិ​យាប​ន្ន​។

​ជាមួយគ្នា​នោះ​ដ​ឬរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ជម្រាបជូន​លោកស្រី Roueida El Hage តំណាង​ការិយាល័យ OHCHR ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា រួមមាន ៖ ការដាក់ចេញ​នូវ​យន្តការ​ច្បាប់​នានា ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ ក្នុង​ការកាត់បន្ថយ​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ដូចជា​ការកែលម្អ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ដែល​ជា​ដំណោះស្រាយ​ចំពោះមុខ​។

​ជា​ការឆ្លើយតប លោកស្រី Roueida El Hage តំណាង​ការិយាល័យ OHCHR ប្រចាំ​កម្ពុជា បាន​ជម្រាបជូន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អំពី​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​មហាផ្ទៃ ដែល​តែងតែ​ផ្ដល់​កិច្ច​សហការ​ជាមួយ OHCHR និង​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ OHCHR ចុះ​ទស្សនកិច្ច​តាម​ពន្ធនាគារ និង​មណ្ឌល​កែប្រែ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោកស្រី ក៏​បាន​គូសបញ្ជាក់​នូវ​ការ​ត្រៀមខ្លួន​ជានិច្ច​របស់ OHCHR ក្នុង​ការគាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកស្រី Roueida El Hage ក៏​បាន​ឯកភាព​ក្នុង​ការបន្ត​កិច្ចសហការ សំដៅ​កែលម្អ​បន្ថែមទៀត​លើ​កិច្ចការ​សិទ្ធិមនុស្ស និង​កិច្ចការ​ពន្ធនាគារ ដែល​បាន​ធ្វើ​ក្នុង​ពេល​កន្លងមក​ផងដែរ​៕ ​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *