ខេត្តកណ្ដាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអាជីវករលក់ដូរទាំងអស់ នៅបរិវេណរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល សូមចូលរួមសម្អាត អនាម័យ បរិស្ថាន ឲ្យបានជាប់ជាប្រចាំ ដើម្បីរួមចំណែកធ្វើឲ្យរមណីយដ្ឋានមួយនេះ មានសោភ័ណភាពស្អាត មានអនាម័យល្អ និងភាពបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង សំដៅជួយលើកស្ទួយជីវភាពរបស់បងប្អូនអាជីវករកាន់តែប្រសើរឡើង។
ការអំពាវនាវនេះធ្វើឡើង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២០ ក្នុងពិធីផ្សព្វផ្សាយ យុទ្ធនាការកម្ពុជាស្អាត និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍ នៅភ្នំព្រះរាជទ្រព្យ ដោយមានការចូលរួមពី មន្ទីរទេសចរណ៍ខេត្តកណ្ដាល អាជ្ញាធរស្រុក យុវជន ស.ស.យ.ក ស្រុក ប្រជា ពលរដ្ឋ និងអាជីវករជាង១០០នាក់។
ឯកឧត្តមបានលើកឡើងថា បរិស្ថានស្អាត់ អនាម័យម្ហូប អាហារ គឺជារឿងសំខាន់ ព្រោះថាជាទូទៅភ្ញៀវទេសចរណ៍ តែងប្រាថ្នាចង់ដើរកម្សាន្ត និងទទួលទានម្ហូបអាហារដែលប្រកបដោយអនាម័យ និងជឿទុកចិត្ត ខណៈដែល ទេស ចរណ៍ ម្ហូបអាហារ ក៏ជាផ្នែកមួយដែលផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពប្រជាជន វប្បធម៌ និងទំនៀមទម្លាប់ ហើយថែមទាំងអាចជួយជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារ ឲ្យរីកលូតលាស់បានយ៉ាងមានប្រសិទ្ធភាព។
បន្ថែមពីនេះ ឯកឧត្តមអភិបាលរងខេត្តបាន លើកទឹក ចិត្ត និងពន្យល់ដល់អាជីវករ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទេសចរណ៍មួយនេះ ត្រូវចេះទុកដាក់វេចខ្ចប់សំរាមឲ្យ បានល្អ ត្រូវបញ្ឈប់កាចោល នូវកាកសំណល់ថង់ប្លាស្ទិក នៅតាមដងផ្លូវ តាមទីសាធារណៈ ទីធ្លាសួនច្បារនានា ពាសវាល ពាសកាលតទៅទៀត ព្រោះវាជាដើមហេតុ ដែលបង្កឲ្យកខ្វក់ ខូចសោភ័ណភាព និងសណ្តាប់ធ្នាប់អនាម័យ និងបង្កជាប៉ះ ពាល់ដល់បរិស្ថាន ក្នុងតំបន់ទេសចរណ៍របស់យើងទាំង អស់គ្នា។
សូមជម្រាបថា ក្នុងយុទ្ធនាការនេះ ក្រុមការងារបានបែង ចែកជា ៣ក្រុម ដើម្បីធ្វើការចុះសំអាត តាមគោលដៅដែលបានគ្រោងទុក ជុំវិញបរិវេណរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ហើយក្នុងឱកាសចុះសម្អាតនោះដែរ ឯកឧត្តមគណធិបតី ព្រមទាំងអ្នកចូលរួមទាំងអស់ក៏បានធ្វើការចែកម៉ាស់ដល់អាជីវករ ប្រជាពលរដ្ឋ និងបានធ្វើការផ្សព្វផ្សាយពីវិធានការប្រយុទ្ធប្រឆាំង និងការពារការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ៕