ថ្ងៃចន្ទ ៦ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នៅបរិវេណវត្តចេកក្អូវ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ និងបរិវេណវត្តប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំមានពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូន ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិគ្រោះមហន្តរាយផ្សេងៗ និងចាស់ជរាគ្មានទីពឹង ដឹកនាំដោយលោកស្រី យូ សុភាអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងឯកឧត្ដមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តចុះជួយមូលដ្ឋានស្រុកអង្គរជុំលោកប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិចាស់ជរាគ្មានទីពឹងនិងជនងាយរងគ្រោះជាច្រេីននាក់។
ពិធីជួបសំណេះសំណាលសួរសុខទុក្ខនិងផ្តល់អំណោយជូនដល់លោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗក៏ដូចជាចាស់ជរាក្រីគ្មានទីពឹងជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាហើយដែលបាននិងកំពុងរៀបចំឡើងដោយមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត។
ការផ្ដល់អំណោយជូនដល់ពួកគាត់នាពេលនេះគឺជាការចែករំលែកដល់ពួកគាត់ដេីម្បីជួយសម្រាលការលំបាកនិងការជួយគ្នាក្នុងគ្រាមានអាសន្នអន់ក្រហើយក៏ជាប្រពៃណីដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែប្រតិបត្តិជាប់ជាប្រចាំគ្រប់កាលៈទេសៈដោយមិនប្រកាន់ពណ៌សម្បុរជាតិសាសន៍និងគណបក្សនយោបាយណាមួយឡើយ។
អំណោយដែលបានផ្ដល់ជូនពេលនេះគឺជាគ្រឿងឧបភោគបរិភោគជូនដល់លោកយាយលោកតាបងប្អូនប្រជាពលរដ្ឋជួបការលំបាកដោយសារគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗក៏ដូចជាចាស់ជរាក្រីក្រគ្មានទីពឹងស្ថិតក្នុងភូមិសាស្ត្រស្រុកអង្គរជុំខេត្តសៀមរាបចំនួន១៧៥គ្រួសារដោយក្នុង០១គ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាមមីម៉ាម៉ាចំនួន០១កេសប៊ីចេង២.៥គីឡូក្រាមចំនួន០១ថង់ទឹកស៊ីអុីវនិងទឹកត្រីចំនួន០១យួរត្រីខកំប៉ុងចំនួន០១យួរ៕