កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​លទ្ធផល​ស​ន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​

ខេត្ត​កណ្តាល​៖ នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ លោកជំទាវ លីម មុយ​ឡេង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​លទ្ធផល​ស​ន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះដែរ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្ដាល លោកជំទាវ នួន នារតី សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី មន្ត្រីរាជការ និង​រដ្ឋបាល​ក្រុង​ស្រុក​ទាំង​១៣ នៅ​សាលាខេត្ត​កណ្តាល ។

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោកជំទាវ លីម មុយ​ឡេង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​លើកឡើង​ថា​៖ ក្រសួង​អភិវឌ្ឍន៍ជនបទ​ក៏​បាន​ដាក់​ចេញ​ទិសដៅ​បន្ត​របស់​ខ្លួន ក្នុង​ការលើក​កម្រិត​គុណភាព​ផ្លូវ​ជនបទ ពី​ផ្លូវដី​ទៅ​ជា​ផ្លូវ​ក្រាល​បេតុង និង​កៅស៊ូ​ពីរ​ជាន់​។ ការជំរុញ​ស្ថាបនា និង​វិនិយោគ​សាធារណៈ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​(​ផ្លូវលំ និង​ប្រព័ន្ធ​ចែកចាយ​ទឹក និង​អនាម័យ​) នៅ​កន្លែង​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​។ ការថែទាំ​ឱ្យមាន​ចីរភាព​យូរអង្វែង​នៃ​សមិទ្ធផល​ដែល​បាន​កសាង​រួច​។ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នូវ​ជំនាញ​មូលដ្ឋាន ដើម្បី​បង្កើត​មុខរបរ​ទទួល​ប្រាក់​ចំណូល​គ្រួសារ​។ ការជំរុញ​ពង្រីក​វិសាលភាព​ក្នុង​ការរៀបចំ​បង្កើត​ភូមិ​គំរូ​។ ការរៀបចំ​គោលនយោបាយ ច្បាប់ និង​បទដ្ឋាន​គតិយុត្ត នានា និង​ការពង្រឹង​ស្ថាប័ន ដោយ​បន្ត​ជំរុញ​ការធ្វើ​វិមជ្ឈការ និង​វិសហមជ្ឈការ​ដល់​មន្ត្រី​នៅតាម​មូលដ្ឋាន ដើម្បី​ពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​។

​ជាមួយគ្នានេះដែរ លោកជំទាវ រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ ដល់​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ អភិបាលខេត្ត​កណ្តាល ដែល​តែងតែ​ឧបត្ថម្ភ និង​គាំទ្រ​កម្មវិធី និង​គោលនយោបាយ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ជា​ពិសេស​បាន​ជំរុញ​ការងារ​បញ្ចប់​ការ​បន្ទោបង់​ពាស វាល​ពាស​កាល (ODF) និង​ការបញ្ចប់​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF plus) ព្រម​ទាំង​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​ទៀត និង​សូម​អរគុណ លោក លោកស្រី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ អភិវឌ្ឍន៍ជនបទ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី ភារកិច្ច​ទៅ​តាម​ជំនាញ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​សម្រេច​បាន​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​លើ​ការងារ​វិស័យ​អភិវឌ្ឍន៍​។

​លោកជំទាវ រដ្ឋលេខាធិការ បាន​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កណ្ដាល ដើម្បី​ចូលរួម​ចំណែក​ការងារ​លើកកម្ពស់​គុណ​ភាព និង​គុណ​តម្លៃ​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន​នៅ​ជនបទ​ប្រកបដោយ​បរិ​យា​បន្ន​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ សម្រាប់​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ ដូចជា​៖ ត្រូវ​រៀបចំ​បញ្ជី​សារពើភ័ណ្ឌ​ផ្លូវ​ជនបទ​ទាំងបី​ប្រភេទ រួមមាន ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​បេតុង និង​ផ្លូវ​ល្បាយ​គ្រួស នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​។ ត្រូវ​រៀបចំ​ធ្វើបញ្ជី​ផ្លូវ​ដែល​ត្រូវ​ជួសជុល​បន្ទាន់ ថែទាំ​ខួប និង​ថែទាំ​ប្រចាំ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល​។ ត្រូវ​ពិនិត្យមើល ផ្ទៀងផ្ទាត់ និង​ស្រង់​ទិន្នន័យ​ការផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ​ជនបទ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ព្រមទាំង​បន្ត​ជំរុញ​ការអនុវត្ត​តាម​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ចូលរួម សម្រេច​ឱ្យបាន​អត្រា​គ្របដណ្តប់​ទូទាំង​ប្រទេស ១០០% នៅ​ឆ្នាំ​២០៣០​។ ត្រូវ​បន្ត​សហការ​ជាមួយ​ក្រុមការងារ ODF plus ថ្នាក់ជាតិ ដែល​គ្រោង​នឹង​ចុះ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ការងារ ODF plus ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ និង​ផ្តល់​កិត្តិយស​ជូន​រដ្ឋបាលខេត្ត​ទាំងមូល​។ ត្រូវ​យកចិត្តទុកដាក់ និង​រៀបចំ​ផែនការ​នៃ​ការអភិវឌ្ឍ​ភូមិ​គំរូ ដោយ​កំណត់​ជ្រើសរើស​យក​ភូមិ គោលដៅ​ដែល​មាន​សក្តានុពល​ខ្ពស់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព​។ ជំរុញ​ការងារ​ធ្វើ​ពិពិត​កម្ម​សកម្មភាព​សេដ្ឋកិច្ច ជាពិសេស​សមាហរណកម្ម​តំបន់​ជនបទ​តាមរយៈ ការពង្រឹង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ឱ្យ​មាន​ការតភ្ជាប់​គ្នា​គ្រប់​ច្រកល្ហក​រវាង​តំបន់ ជនបទ និង​ទីប្រជុំជន ជា​ពិសេស​តំបន់​ដែល​មាន​សក្តា​នុព​សេដ្ឋកិច្ច​ខ្ពស់​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *