(កណ្តាល)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី នៅថ្ងៃទី៣ ខែមករាឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែប្រវែង១,៥៧០ម ទទឹង៦ម កម្រាស់០,២០ម សាងសង់លូប្រអប់មុខមួយចំនួន០១ កន្លែង និងលូមូលមុខពីរ ចំនួន០២កន្លែង ស្ថិតនៅភូមិជ័យធំ ភ្ជាប់ទៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គម្រោងការងារនេះអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ភុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រើប្រាស់ថវិការជំពូក២១។
ពិធីនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលផងដែរ។
លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា សមិទ្ធផលខាងលើនេះ ជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន បានគ្រប់រដូវកាល។
ក្នុងឱកាសនោះ គណៈកម្មការអន្តរក្រសួង ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក សូមចូលរួមសហការណ៍ ថែរក្សាផ្លូវឱ្យបានល្អប្រសើរ ទប់ស្កាត់ការដឹកលើសទម្ងន់ ជួយណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ កុំចាក់ដីខ្ពស់ជាងផ្លូវ ត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋាន ជាផ្លូវរបស់ខ្លួន និងសូមចូលរួមគោរពច្បាប់ចរាចរ ផ្លូវគោកទាំងអស់គ្នា៕