ខេត្តកណ្ដាល នាព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រតិភូខេត្ត ដោយមាន ឯកឧត្តមអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចូលរួមដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅ និងឧស្ម័នអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ ២៣០គីឡូវ៉ុល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ដែលប្រព្រឹត្តទៅ នៅស្រុកល្វាឯម ខេត្តកណ្តាល។
សូមបញ្ជាក់ជូនផងដែរថា សមិទ្ធិផលដ៏ធំធេងដែលបានផុសឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសទឹកដី ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ជាទីតាំងដ៏ល្អបំផុតសម្រាប់សាងសង់រោងចក្រនេះឡើង និងសាងសង់ឡើងលើផ្ទៃដីសរុប ៤៣ហិកតា ហើយរោងចក្រនេះផងដែរគឺដំណើរការដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស មានកម្លាំងអនុភាពរហូតដល់ ៤០០មេហ្គាវ៉ាត់ គឺអាចផ្គត់ផ្គង់បំពេញបន្ថែមក្នុងការប្រើប្រាស់នៅទូទាំងប្រទេស និងមានអនុស្ថានីយ១កន្លែង មានអនុភាព២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល ហើយគិតមកដល់ថ្ងៃនេះដែរគឺសាងសង់បានប្រមាណ ៩០ភាគរយហើយ នឹងដាក់ឱ្យដំណើការនៅចុងខែសីហាខាងមុខនេះ។
ដូច្នេះក្រោយពេលរោងចក្រអគ្គិសនីដ៏ធំ និងថ្មីសន្លាងនេះបានដំណើរការ យើងនឹងមានថាមពលអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការផងដែរ។