ខេត្តស្វាយរៀង ៖ នៅថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០ ចំនួន ៧ ខ្នង ខូចខាតទាំងស្រុង ៣ ខ្នង និងខូចខាតស្រាល ៤ ខ្នង(ក្នុងនោះមាន ១ គ្រួសារ កំពុងរស់នៅជាមួយមេរោគងេដស៍) នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះឯកឧត្តមក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាហ៍ ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ ១៩ ។
អំណោយដែលបានចែកជូនទាំង ៧ គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៣ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ គ្រួសាររងគ្រោះស្រាល ៤ គ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល ដោយមើលឃើញពិការលំបាករបស់គ្រួសារដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ១ គ្រួសារ ឯកឧត្តមបានឧត្តម្ភបន្ថែមថវិកា ៥០០,០០០ រៀលសម្រាប់ទិញសម្ភារៈជួសជុលផ្ទះ ៕